(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនេះបានធ្វើឡើងនៅសាលសន្និសីទជាន់ទី១ នៃទីស្ដីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។
កិច្ចប្រជុំនេះ នឹងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនៅ គ.ជ.ប ផងដែរ។
នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ ដែលទើបត្រូវបានបំបែក និងបង្កើតថ្មី។
ការិយាល័យបោះឆ្នោតទាំង៥ ការិយាល័យ បានបើកដំណើរការព្រមៗគ្នានៅវេលាម៉ោង ៧:០០នាទីព្រឹក សម្រាប់ឱ្យអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែង ចំណុះឱ្យក្រុង ស្រុក ពាក់ព័ន្ធ ធ្វើការបោះឆ្នោតតាមការកំណត់នៃច្បាប់។
ការិយាល័យបោះឆ្នោតទាំងអស់ត្រូវបានបិទបញ្ចប់ការបោះឆ្នោត នៅម៉ោង ៨:២៥នាទី ដោយសារអ្នកបោះឆ្នោតបានមកបោះឆ្នោតគ្រប់ចំនួន ហើយគណៈកម្មការការិយាល័យបោះឆ្នោត បានបន្តនីតិវិធី ដើម្បីរាប់សន្លឹកឆ្នោតជាបន្តបន្ទាប់។
ជារួម ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕