(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅព្រលប់នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការដាច់ខាតនូវអំពើខាតកម្មដ៏ព្រៃផ្សៃលើ លោក កែមឡី និងសូមអំពាវនាវដល់មន្រ្តីនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការ ដែលមានសមត្ថកិច្ចលើសំណុំរឿងនេះ ឲ្យបានម៉ត់ចត់ ក្នុងការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីរកភាពយុត្តិធម៌ជូនគ្រួសារជនរងគ្រោះ។
ក្រៅពីសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ក៏មានសេចក្តីថ្លែងការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ពីក្រសួងមហាផ្ទៃ ពីគណបក្សនយោបាយផ្សេងៗ រួមនិងសង្គមស៊ីវិលជាច្រើនស្ថាប័ន បានរួមគ្នាថ្កោលទោសដាច់អហង្ការដាច់ខាត នូវអំពើខាតកម្មដ៏ព្រៃផ្សៃលើលោក កែមឡី ផងដែរ។
គួរបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Star Mart ស្តុបបូកគោ ខណ្ឌចំការមន។ Star Mart ស្ថានីយប្រេងឥន្ធនៈកាល់តិច គឺជាទីកន្លែង ដែលលោក កែម ឡី តែងមកអង្គុយផឹកកាហ្វេនៅទីនោះស្ទើរតែរៀងរាលព្រឹក។
បន្ទាប់ពីការបាញ់សម្លាប់ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បានភ្លាមៗផងដែរ។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនមានរហស្សនាមថា «ជួបសម្លាប់» ធ្វើជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនជិះម៉ូតូឌុបមកធ្វើសកម្មភាព ដោយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះពីខាងក្រោយ។
ខ្មាន់កាំភ្លើង បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឲ្យមានការតាមបាញ់សម្លាប់ជនរងគ្រោះនោះ គឺផ្តើមចេញមកពីរឿងលក់ដីសង្គមកិច្ចមួយកន្លែង ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនដោយលក់បាន ៣-៤ពាន់ដុល្លារ។ ក្រោយលក់ដី លោក កែម ឡី បានប្រាប់ទៅខ្មាន់កាំភ្លើងថា លុយនេះទុកសម្រាប់ជួយជនក្រីក្រ។
យ៉ាងណាក៏ដោយ ក្រោយការធ្វើសន្និសីទកាសែតរបស់ ស្នងការរងនគរបាលជាតិ ខ្មាន់កាំភ្លើងបានត្រឹមតែសារភាពថា ខ្លួនបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ព្រោះតែជំពាក់ប្រាក់មិនសងប៉ុណ្ណោះ ដោយគ្មានការអះអាងអ្វីផ្សេងពីនេះឡើយ៕