(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងបុត្រី រួមនិងបងប្អូនក្រុមគ្រួសារ និងលោក លោកស្រី ញាតិមិត្តជិតឆ្ញាយជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ លោកឪពុក នេត ម៉ិច និងអ្នកម្តាយ ខៀវ ម៉ន ព្រមទាំងញាតិសន្តានទាំង៧ និងនាយ នាយរង ពលនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ បម្រើផលប្រយោជន៍ប្រជាជនឲ្យទទួលបាននូវចំណែកបុណ្យកុសលដែលកូនចៅឧទ្ទិសជូននាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ គ.ស ២០២៣ តាមប្រពៃណី ព្រះពុទ្ធសាសនា និងទំនៀមទម្លាប់ខ្មែរ។

ពិធីនេះបានធ្វើឡើងនៅស្រុកកំណើតរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ស្ថិតក្នុងភូមិថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ នៅក្នុងពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ នាយឧត្តមសេនីយ៍ នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងបុត្រី បានប្រគេនទេយ្យទានព្រះសង្ឃ ចំនួន២វត្ត៖

* វត្តឱង្ការ រួមមាន៖ អង្ករ០៤បាវ, មីចំនួន១២កេសតូច (២កេសធំ), ត្រីខកំប៉ុង ចំនួន៤កេសធំ, ទឹកបរិសុទ្ធឱរ៉ាល់ចំនួន២០កេស, ទឹកក្រូចចំនួន២០កេស, ស្ករសចំនួន២៥គីឡូក្រាម, តែចំនួន ១០គីឡូក្រាម, ប្រគេនព្រះចៅអធិការវត្តបច្ច័យចំនួន ២,០០០,០០០រៀល និងសាដក់០១, ប្រគេនបច្ច័យព្រះសង្ឃ៧អង្គក្នុង ១អង្គ ៥០,០០០រៀល និងសាដក់០១, បច្ច័យកសាងវត្តចំនួន ២,០០០,០០០រៀល, អំណោយជូនលោកតា ក្រណាត់ស១ដុំ លោកយាយសំពត់សឹង១ និងថវិកា២០,០០០រៀល, ជូនអាចារ្យដឹកនាំកម្មវិធីបុណ្យ ១,០០០,០០០រៀល និង​ចាក់ដីបំពេញទីធ្លាវត្តចំនួន ៦៧៤ឡាន។

* វត្តឈូកក្រពុំ រួមមាន៖, អង្គរចំនួន ០៤បាវ, មីចំនួន ១២កេសតូច (២កេសធំ), ត្រីខកំប៉ុងចំនួន ០២កេសធំ, ទឹកបរិសុទ្ធឱរ៉ាល់ចំនួន២០កេស, ទឹកក្រូចចំនួន ២០កេស, ស្ករសចំនួន ២២គីឡូក្រាម, តែចំនួន ១០គីឡូក្រាម, ប្រគេនព្រះចៅអធិការបច្ច័យចំនួន ២០០,០០០រៀល និងសាដក់០១, ប្រគេនបច្ច័យសម្រាប់កាសាងវត្តចំនួន២,០០០,០០០រៀល និងអំពូលសូឡាសម្រាប់បំភ្លឺក្នុងទីធ្លាវត្ត ចំនួន២កេស។

សូមជម្រាបថា ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និងលោកស្រី ហ៊ុន គឹមឡេង ព្រមទាំងបុត្រី រួមនិងបងប្អូនក្រុមគ្រួសារ និងលោក លោកស្រី ញាតិមិត្តបងប្អូន តែងតែប្រារព្ធធ្វើពិធីសូត្រមន្ត បង្សុកូល រាប់បាត្យ ដើម្បីឧទ្ទិសមហាកុសលជូន មាតាបិតា បុព្វការីជន សាច់សាលោហិត និងនាយ នាយរង ពលនគរបាល ដែលបានចែកឋានទៅ សូមឲ្យអ្នកទាំងអស់នោះរួចចាកផុតទុក្ខទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕