(ពោធិ៍សាត់)៖ ថន ខាក់ គឺជាយុវជនម្នាក់ រស់នៅក្នុងតំបន់ដាច់ស្រយាលនាភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបានតស៊ូជម្នះការលំបាករហូតសិក្សាបញ្ចប់ថ្នាក់មធ្យមសិក្សា (បាក់ឌុប) នៅស្រុកកំណើត។
យុវជន ថន ខាក់ គឺជានិស្សិតក្រីក្រមួយរូប ក្នុងចំណោមនិស្សិតក្រីក្រផ្សេងទៀត មកពីតំបន់ការពារធនធានធម្មជាតិ ដែលទទួលបានអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា (មហាវិទ្យាល័យ រយៈពេល៤ឆ្នាំ) ពីគម្រោងអប់រំសហគមន៍រេដបូក (REDD+) តំបន់ជួរភ្នំក្រវាញខាងត្បូង ជំនាន់ទី២ ដែលមានក្រសួងបរិស្ថាន ជាម្ចាស់គម្រោង និងអនុវត្តន៍គម្រោងដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ ដែលបច្ចុប្បន្ននេះ ថន ខាក់ កំពុងសិក្សាឆ្នាំទី២ លើជំនាញវិទ្យាសាស្ត្រកសិកម្ម នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម រាជធានីភ្នំពេញ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាឱកាសបើកយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នៅទីរួមខេត្តពោធិ៍សាត់ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ យុវជន ថន ខាក់ បានបញ្ជាក់ថា នៅពេលដាក់ពាក្យសុំអាហារូបករណ៍ គឺអង្គការអត់មានកំណត់អ្វីនោះទេ ប៉ុន្តែ នៅពេលរៀនចប់ត្រូវតែមកជួយសហគមន៍វិញរយៈពេល៣ឆ្នាំ អ៊ឹចឹងយើងត្រូវយកចំណេះជំនាញដែលរៀនមកជួយអភិវឌ្ឍន៍ភូមិ ឃុំ ទៅតាមជំនាញ ដើម្បីកែប្រែប្រជាពលរដ្ឋកុំឱ្យចូលព្រៃបរបាញ់សត្វ និងកាប់ឈើជាដើម។
យុវជន ថន ខាក់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «អាហារូបករណ៍របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) គឺល្អខ្លាំងមែនទែន ផ្តល់ការបង់លុយឱ្យសាលា កន្លែងស្នាក់នៅ ទឹកភ្លើង និងផ្តល់ថវិកា១៥០ដុល្លារ ក្នុង១ខែ ដើម្បីប្រើប្រាស់ មានទាំងធានារ៉ាប់រងសុខភាព ទាំងការកាត់សម្លៀកបំពាក់ ក្នុង១ឆ្នាំ ចំនួន៣កំប្លេ ស្បែកជើង កាបូប សម្ភារសិក្សា»។
ជាមួយនឹងការទទួលបានអាហារូបករណ៍ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ យុវជន ថន ខាក់ បានអះអាងថា និស្សិតដែលទទួលបានអាហារូបករណ៍មានភាពកក់ក្តៅ និងខិតខំសិក្សារៀនសូត្រនូវជំនាញដែលខ្លួនជ្រើសរើស ដើម្បីយកមកចូលរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល។
យុវជន ថន ខាក់ ក៏បានបង្ហាញពីមោទនកភាពយ៉ាងខ្លាំង បន្ទាប់ពីទទួលបានអាហារូបករណ៍ពីគម្រោងរេដបូក ជួរភ្នំក្រវាញខាងត្បូង ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ខណៈនៅមូលដ្ឋានរបស់ខ្លួនមិនទាន់មានយុវជនណាម្នាក់ទទួលបានអាហារូបករណ៍នេះ ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនោះទេ។
«បើសិនគ្មានអាហារូបករណ៍នេះទេ ខ្ញុំក៏មិនអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ នៅរាជធានីភ្នំពេញបានដែរ ខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកជំនាញទៅអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីពន្យល់ ណែនាំប្រជាពលរដ្ឋមិនឱ្យចូលព្រៃកាប់ឈើ និងបរបាញ់សត្វព្រៃ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់យុវជន ថន ខាក់។
យុវជន ថន ខាក់ បានថ្លែងអំណរគុណដល់គម្រោងរេដបូក ជួរភ្នំក្រវាញខាងត្បូង ដែលមានក្រសួងបរិស្ថាន ជាម្ចាស់គម្រោង ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ នៅតាមតំបន់ការពារធនធានធម្មជាតិ ខ្វះខាតជីវភាពអាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាតាមក្តីស្រម៉ៃ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ភាពល្អប្រសើរនៃការអភិរក្សធនធានធម្មជាតិ បានផ្តល់លទ្ធភាពឱ្យកម្ពុជា លក់ឥណទានកាបូនដល់ក្រុមហ៊ុនបរទេស ដើម្បីយកថវិកាមកចូលរួមការពារព្រៃឈើ និងមួយផ្នែកមកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានបន្តថា តាមរយៈគម្រោងឥណទានកាបូន បានផ្តល់នូវអាហារូបករណ៍កូនចៅរបស់ប្រជាពលរដ្ឋតាមតំបន់ការពារធនធានធម្មជាតិ ឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមមហាវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។
រេដបូក គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ។ រេដបូក មានគោលបំណងការពារព្រៃ ឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិ និងចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកល ក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ៕
គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ដោយមានគោលបំណងបីយ៉ាងគឺ៖
*ទី១៖ ដើម្បីបានជាប្រយោជន៍ សម្រាប់ជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាន
*ទី២៖ ដើម្បីរក្សាការពារព្រៃឈើឱ្យនៅគង់វង្ស ដោយសារតែព្រៃឈើ គឺជាកន្លែងស្ដុកកាបូនសម្រាប់លក់
*ទី៣៖ ដើម្បីនាំប្រាក់ចំណូលជូនរាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់អ្នកទិញឥណទានកាបូនព្រៃឈើនៃតំបន់ជួរភ្នំក្រវាញ គឺមកពីទ្វីបអឺរុប និងអាមេរិច ហើយការលក់បានចាប់ផ្ដើមតាំងពីខែមករា ឆ្នាំ២០១៩មកម្ល៉េះ។ ហើយជំនួយហិរញ្ញវត្ថុនាពេលនេះ គឺជាលទ្ធផលផ្ទាល់ នៃការលក់ឥណទានកាបូនព្រៃឈើជួរភ្នំក្រវាញ ទៅឱ្យក្រុមហ៊ុនអន្ដរជាតិ ដែលទិញពិន្ទុះឥណទានស្រូបកាបូន ជាថ្នូរនឹងការបំភាយឧស្ម័នកាបូនិច នេះមានន័យថាប្រជាពលរដ្ឋនៅតំបន់ជួរភ្នំក្រវាញ កំពុងតែធ្វើការដោយមានភ្ជាប់ចំណងផ្ទាល់ជាមួយក្រុមហ៊ុននានា នៅឯក្រៅប្រទេស ដើម្បីទប់ស្កាត់ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុសកល៕