(បាត់ដំបង)៖ លោក ថុល ភារៈ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តំណាងលោកបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងភូមិចំនួន៣ និងបានផ្សព្វផ្សាយពីខ្លឹមសារគោលនយោបាយរបស់គណបក្សប្រជាជកម្ពុជា ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់កាន់តែច្បាស់។
ការចុះសួរសុខទុក្ខនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាឃុំព្រះផុស នគរបាលប៉ុស្តិ៍ សមាជិក សមាជិកាគណបក្ស រួមទាំងក្រុមយុវជនជាច្រើននាក់ទៀត។
ក្នុងឱកាសនោះ លោក ថុល ភារៈ បានរំលឹកប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវត្រៀមនូវឯកសារបោះឆ្នោតឱ្យបានរួចរាល់ និងត្រឹមត្រូវតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានអត្តសញ្ញាបណ្ណជាដើមនោះ។
អនុប្រធានក្រុមការងាររូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។
ឆ្លៀតក្នុងឱកាសនោះដែរ ថុល ភារៈ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំនៅមូលដ្ឋាន បង្កើនអំពើល្អ បង្កើនការយកចិត្តទុកដាក់ពីសុខទុក្ខ និងផ្តល់នូវក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋ នោះសម្លេងគាំទ្រនឹងរឹតតែកើនឡើងយ៉ាងប្រាកដ។
លោកក៏បានលើកឡើងអំពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបានរយៈពេល ៤៤ឆ្នាំកន្លងទៅ ចាប់ផ្តើមតាំងពីការដណ្តើមជ័យជម្នះលើរបបប៉ុល ពត និងការបង្រួបបង្រួមជាតិ ខ្មែរតែមួយ តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោក ថុល ភារៈ បានបញ្ជាក់ថា គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាជន ដើម្បីប្រជាជន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានជីវភាពល្អប្រសើរ នេះគឺជាគោលដៅធំរបស់យើង។
បន្ថែមពីនេះលោក ថុល ភារៈ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រដល់ការដឹកនាំដ៏ឆ្លៀសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាការពារសុខសន្ដិភាព ដែលកម្ពុជាបានរកមកដោយលំបាកកុំឱ្យមានការបាត់បង់ឱ្យសោះ។
អនុប្រធានក្រុមការងាររូបនេះ បានបន្តទៀត ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមឱ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែសកម្មឡើង ដើម្បីទទួលបានការគាំទ្រ និងយកជ័យជម្នះជូនគណបក្សប្រជាជនឱ្យកាន់តែច្រើន៕