(ត្បូងឃ្មុំ)៖ គួរឲ្យអាសូយ៉ាងពន់ពេក នៅពេលដែលក្រុមក្មេងៗ៣នាក់ បានរើសគ្រាប់យកទៅបោកលេងបណ្តាលឲ្យផ្ទះស្លាប់២នាក់ បងប្អូនបង្កើត និងក្មេងម្នាក់ទៀតនៅរស់ក្នុងភូមិជាមួយគ្នាបានរងរបួសធ្ងន់។ ហេតុការណ៍ដ៏គួររន្ធត់ខាងលើនេះ បានកើតឡើង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចខាងត្បូងចំការរបស់ឈ្មោះ មឿន ហឿន ចម្ងាយ៥០០ម៉ែត្រ នឹងខាងត្បូងភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
មន្រ្តីនគរបាលស្រុកមេមត់ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ឈ្មោះ ផ្លិច អាត អាយុ៤៩ឆ្នាំ បានបើកថេឡេថង ទៅភ្ជួដីដោយមានក្មេងទៅជាមួយចំនួន៣នាក់ ក្នុងនោះកូនប្រុសរបស់ខ្លួន២នាក់ និងក្មេងនៅក្នុងភូមិម្នាក់។ ប៉ុន្តែនៅពេលដែលបុរសជាឪពុកកំពុងតែភ្ជួរស្រែនោះ ស្រាប់តែក្មេងរងគ្រោះទាំង៣នាក់ ទៅរើសគ្រាប់បាន យកទៅបោកលេង បណ្តាលឲ្យផ្ទុះកក្រើកដូចរន្ទះ ស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់។ សម្រាប់សពទំាំង២នាក់ បងប្អូន ស្ទើរមើលមិនយល់នោះឡើយ ដោយសារតែដងខ្លួន និងរាងកាយទាំងមូល ត្រូវគ្រាប់អំបែងយ៉ាងខ្លាំង។ មន្រ្តីនគរបាលបានបន្តទៀតថា ក្មេងប្រុសទី១-ឈ្មោះ អាត សាត អាយុ១៣ឆ្នាំ ទី២-ឈ្មោះ អាត សីហា អាយុ៦ឆ្នាំ ដែលពួកគេទាំង២នាក់ត្រូវជាកូន និងទី៣-ឈ្មោះ ផាង ផានី អាយុ១៤ឆ្នាំ រស់នៅភូមិជាមួយគ្នា។
សម្រាប់ហេតុការណ៍មួយនេះលោក ហាក់ សុខមករា ប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានចាត់តំណាងរបស់លោកនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥០ម៉ឺនជូនគ្រួសារសពក្មេងប្រុសទាំង២នាក់ និងនាំយកថវិកាចំនួន៥០ម៉ឺនរៀលទៀត ទៅប្រគល់ជូនគ្រួសារសពក្មេងប្រុសដែលរងរបួសធ្ងន់។ ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដែលបានជួបគ្រោះថ្នាក់សង្គមមួយនេះ៕