(ភ្នំពេញ​)៖​ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ការប្រមាញ់អ្នកមានទេពកោសល្យ និងពិព័រណ៌ផលិតផលខ្មែរ ដែលមានប្រជាពលរដ្ឋចូលរួមជាង ៥ពាន់នាក់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។

កម្មវិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវ ឧត្តមភាព និងគម្រូវីរភាពសម្ដេចតេជោ ដែលបានដឹកនាំរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ការថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រជាជាតិ ជាងបួនទសវត្សមកដល់ពេលបច្ចុប្បន្ននេះ នាថ្ងៃសៅរ៍ ទី០៨ខែមេសា ឆ្នាំ២០២៣។

ចំពោះកម្មវិធីប្រមាញ់អ្នកមានទេពកោសល្យ និងពិព័រណ៌ផលិតផលខ្មែរ គឺរៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅតាមភូមិឃុំ ឲ្យមានឱកាសបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមចំណែកលើកស្ទួយនូវវប្បធម៌ជាតិ។ ចំពោះការបង្ហាញនូវកសិផល និងផលិតផល ភូមិមួយផលិតផលមួយ រៀបចំឡើងក្នុងគោលបំណងចូលរួមចំណែកជួយជំរុញឲ្យអ្នកផលិតកសិផល និងអ្នកទិញកសិផលក្នុងស្រុកមានទីផ្សារទិញលក់កសិផលខ្មែរឲ្យកាន់តែទូលំទូលាយដោយផ្ដោតលើគុណភាពជាចម្បង ដែលមិនអាចនឹកស្មានដល់ «ខ្មែរអាចធ្វើបាន»។

លោបណ្ឌិត ម៉ឹង មករា បានថ្លែងថា អ្វីៗអាចសម្រេចទៅបាន គឺមកពីកត្តាមនុស្សជាចម្បង មនុស្សជាអ្នកគិត មនុស្សជាអ្នកធ្វើ បើយើងមានធនធានមនុស្ស ប្រទេសជាតិយើងនឹងមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាដល់ប្អូនៗយុវជន ដែលបានសំដែងទេពកោសល្យរបស់ខ្លួន និងបានឧបត្ថម្ភនូវត្រាក់ទ័រកសិកម្ម ១គ្រឿង តម្លៃ ៧៧.៩០០.០០០រៀល ដល់ សហគមន៍កសិករសែនជ័យ ដើម្បីប្រើប្រាស់ក្នុងគោលបំណង ជួយជម្រុញវិស័យកសិកម្មក្នុងស្រុកជើងព្រៃ ឱ្យកាន់តែមានសក្ដានុពល និងកាលានុវត្តភាពនៃការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង។

លោកបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃការចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍជានិរន្ត។

ជោគវាសនាដ៏ល្អនៃប្រទេសកម្ពុជា ដែលទទួលបានជាងបួនទសវត្សរ៍កន្លងមកនេះ ក៏ដោយសារ ឧត្តមភាពរបស់គណបក្សប្រជាជន ដែលមានវីរជនដ៍ឆ្នើមជាច្រើនរូប ដែលបានធ្វើពលិកម្មគ្រប់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ ជាសសរទ្រូងដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមគ្គុទ្ទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងភាអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់បំផុតជូនជាតិមាតុភូមិ និងប្រជាជន៕