(ភ្នំពេញ)៖ លោក ឯម សុផល ប្រធានសមាគមវប្បធម៌កម្ពុជាប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង បានចេញមកប្រតិកម្មនឹងថ្នាក់ដឹកនាំបក្សភ្លើងទៀន ដែលបានប្រមាថចំពោះប្រព័ន្ធអប់រំនៅកម្ពុជា និងចាត់ទុកគោលនយោបាយអប់រំរបស់ពួកគេ ជាគោលនយោបាយផ្កាយលើមេឃ។
ប្រតិកម្មនេះបានធ្វើឡើងបន្ទាប់ពីលោក សុខ គឹមសេង អគ្គលេខាធិការរងគណបក្សភ្លើងទៀន និងជាប្រធានក្រុមការងារបក្សភ្លើងទៀនខេត្តសៀមរាប បានថ្លែងវាយប្រហារលើប្រព័ន្ធអប់រំថាខ្សោយ។
លោក ឯម សុផល បានលើកឡើងថា នៅពេលដែលលោកបានឃើញការឃោសនារបស់លោក សុខ គឹមសេង ថ្លែងវាយប្រហាររដ្ឋាភិបាលមិនគិតគូរលើប្រព័ន្ធអប់រំ ដែលន័យនេះ ប្រសិនបើយើងពុំបានគិតឱ្យស៊ីជម្រៅនោះយើងមើលឃើញថា គាត់និយាយល្អពីរោះ ក៏ប៉ុន្តែសំនួនវោហារគាត់ ហាក់បីដូចជារុញឲ្យប្រជាជនយល់ថារដ្ឋាភិបាលកម្ពុជា ពុំបានគិតគូរដល់ផ្នែកអប់រំ មិនបានលើកកម្ពស់ការអប់រំឲ្យមានគុណភាពដល់ប្រជាជនក្រីក្រ។
លោក ឯម សុផល បានបញ្ជាក់យ៉ាងដូច្នេះ «ក្រោយចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត យើងខ្វះខាតសាលារៀនច្រើនណាស់។ រាជរដ្ឋាភិបាលដែល ដឹកនាំដោយគណបក្សប្រជាជន បានប្រើប្រាស់យុទ្ធសាស្ត្រ "អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ" ដែលកាលនោះក្នុងឆ្នាំ១៩៨៤ ខ្ញុំបាទផ្ទាល់ក៏បានចូលរួមនៅក្នុងយុទ្ធនាការពន្លឺវប្បធម៌រំដោះគ្រោះមិនចេះអក្សរ នៅភូមិភ្នំមន្ទីរ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ផងដែរ»។
លោកបន្តថា «មកដល់ពេលនេះ យើងឃើញមានសាលារៀនថ្នាក់បឋមសិក្សានៅគ្រប់ភូមិនីមួយៗ និងមានសាលារៀនថ្នាក់អនុវិទ្យាល័យនៅគ្រប់ឃុំទាំងអស់ ថ្នាក់វិទ្យាល័យនៅគ្រប់ស្រុក និងមានសាកលវិទ្យាល័យនៅគ្រប់ខេត្ត ដែលធ្វើឲ្យទាំងកូនអ្នកមានទាំងកូនអ្នកក្រទាំងកូនអ្នកមធ្យមបានទទួលការរៀនសូត្រគ្រប់កម្រិតទាំងអស់គ្នា។ ហើយក៏យើងឃើញមានអាហារូបករណ៍ជាច្រើនប្រភេទ ជាពិសេសអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសមាគម អ.ម.ត. ជួយដល់និស្សិតក្រីក្រខ្វះលទ្ធភាពរៀនសូត្រ។ ទាំងនេះមានន័យថា រាជរដ្ឋាភិបាលពុំបានទុកឲ្យនរណាម្នាក់ពុំទទួលបានការសិក្សានោះទេ»។
លោក ឯម សុផល ក៏បានបន្ថែមទៀតដែរថា ការវាយតម្លៃរបស់លោក សុខ គឹមសេង ពុំមានទិន្នន័យសិក្សាស្រាវជ្រាវណាច្បាស់លាស់ អំពីលទ្ធផលកម្រិតសិក្សាសាលាមួយណាខ្ពស់ជាងមួយនោះទេ។ ប្រហែលគាត់មិនយល់ទេថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបង្កើតឲ្យមានសាលាឯកជននេះ គឺក្នុងគោលបំណងប្រកួតប្រជែងដើម្បីបង្កើនគុណភាពអប់រំនេះហើយ។ វាជាការពិតណាស់ដែលសង្គមមួយពុំស្មើគ្នា ក៏ដូចជាគុណភាពអប់រំនៃសាលានីមួយៗ ទាំងសាលាឯកជន ទាំងសាលារដ្ឋ ទាំងសិស្សជាកូនអ្នកមាន ទាំងសិស្សជាកូនអ្នកក្រ ពុំស្មើគ្នានោះទេ សូម្បីតែនៅប្រទេសអូស្ត្រាលីក្តី ប្រទេសអាមេរិកក្តី ក៏មានសាលាដែលជាប់ចំណាត់ថ្នាក់លំដាប់ខ្ពស់និងចំណាត់ថ្នាក់ទាបផងដែរ វាមិនអាស្រ័យតែទៅលើកត្តាខាងក្រៅ លទ្ធភាព មធ្យោបាយនោះទេ កត្តាខាងក្នុងក៏ជារឿងសំខាន់ គឺកូនសិស្សត្រូវខំដោយខ្លួនឯង។
លោក ឯម សុផល បានសង្កេតឃើញនៅក្រៅប្រទេស ដូចជាប្រទេសបារាំង ប្រទេសអូស្ត្រាលីដែលលោកធ្លាប់ទៅសិក្សានិងរស់នៅ គឺមាននិស្សិតខ្មែរជាច្រើននាក់ ដែលជាប់អាហាររូបករណ៍ មកបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ថ្នាក់ឯកទេសវេជ្ជសាស្ត្រ ភាគច្រើនរៀនចេញពីសាលារដ្ឋនៅប្រទេសកម្ពុជា និងពុំមែនសុទ្ធតែជាកូនអ្នកមាននោះទេ។ ជាងនេះទៅទៀត ក៏មានកូនសិស្សជាច្រើនដែលអតីតជាអ្នករើសសំរាម ជាកុមារកំព្រានៅក្នុងមជ្ឈមណ្ឌល ក៏បានមកបន្តការសិក្សាអាហារូបករណ៍នៅប្រទេសអូស្ត្រាលីនេះដែរ។
រីឯនៅក្នុងប្រទេស លោកបានឃើញផងដែរ ដូចជានៅសាលាសិស្សមន្ត្រីជាន់ខ្ពស់ភូមិន្ទរដ្ឋបាល ក៏ដូចជាសាលានាយទាហានសកម្ម និងសាលានាយទាហានទ័ពជើងគោក ដែលជាសាលាបណ្ដុះបណ្ដាលយុវជនឲ្យក្លាយជាមេបញ្ជាការកងទ័ពដ៏សំខាន់នាពេលអនាគត ប្អូនៗនិស្សិតដែលប្រឡងជាប់ពីការប្រឡងប្រជែងដ៏តឹងតែងទាំងនោះ ភាគច្រើនគឺជាកូនកសិករមកពីខេត្តជនបទឆ្ងាយៗ និងជានារីថែមទៀតផង តែពុំសូវឃើញកូនអ្នកមានប្រលងជាប់នោះទេ។ នោះសបញ្ជាក់ឲ្យឃើញថា យុវជនដែលមានសមត្ថភាព មានចំណេះដឹងខ្ពស់ពុំមែនសុទ្ធតែចេញពីប្រភពកូនអ្នកមាន ឬក៏អ្នករៀនសាលាឯកជននោះឡើយ។
លោក ឯម សុផល ក៏យល់ឃើញថា ការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន អាចក្លាយជាការបន្ទុចបង្អាក់ឲ្យអ្នកក្រីក្រអស់សង្ឃឹម ក្នុងការរៀនសូត្រដោយមិនហ៊ានប្រកួតប្រជែង ជាមួយនឹងកូនអ្នកមានដែលរៀននៅសាលាឯកជនទៅវិញ។
ម្យ៉ាងវិញទៀត ប្រសិនបើយើងនិយាយអំពីទ្រឹស្ដីនៃវិទ្យាសាស្រ្តនយោបាយ រាល់សេចក្តីសន្និដ្ឋានលើសមត្តិកម្មណាមួយត្រូវតែមានទឡ្ហីករណ៍ទិន្នន័យស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេ សេចក្តីសន្និដ្ឋាននោះពុំមានសច្ចភាពឬក៏វាគ្រាន់តែជាសេចក្តីសន្និដ្ឋានតាមបែបស្រមើស្រមៃតែប៉ុណ្ណោះ។
រីឯចំណុចទី២ ដែលលោក សុខ គឹមសេង អះអាងថា គណបក្សភ្លើងទៀននឹងផ្ដល់ការងារមួយលានការងារសម្រាប់ប្រជាពលរដ្ឋក្រោយឆ្នាំ២០២៣ គឺជាការភូតកុហក។