(ពោធិ៍សាត់)៖ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា បទល្មើសព្រៃឈើ និងសត្វព្រៃ ចំនួន១០៨ករណី ត្រូវបានការបង្ក្រាបនៅក្នុងឆ្នាំ២០២២ ក្នុងនោះមាន២ករណី ត្រូវបានបញ្ចូនទៅតុលាការសាលាដំបូង។

ខេត្តពោធិ៍សាត់ មានតំបន់ការពារធម្មជាតិចំនួន០៦ គឺឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំសំកុស ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ មានផ្ទៃដីសរុប ៦៨៩,២៩៧ហិកតា។

នៅក្នុងឱកាសបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅទីរួមខេត្តពោធិ៍សាត់, លោក គង់ ពុទ្ធីរ៉ា បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្សបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ដោយបានល្បាត ព្រមទាំងប្រមូលអន្ទាក់ និងដកហូតឧបករណ៍ប្រមាញ់១០៦ករណី។

ជាមួយគ្នានេះ ក៏បានធ្វើការដោះ ឬសាអន្ទាក់ និងឧបករណ៍គំរាមកំហែងដូចជា៖ អន្ទាក់អង្គប់ បណ្តឹង១,៨៧៣អន្ទាក់, កាំភ្លើងច្នៃចំនួន៦៦ដើម, ឧបករណ៍ឆក់ចំនួន៤៧គ្រឿង, លបដាក់សត្វចំនួន១។ ក្នុងអំឡុងពេលចុះបង្រ្កាបនេះ ក៏បានជួយសង្គ្រោះសត្វព្រៃ និងបំផ្លាញចោល សំណាកទ្រូងអណ្ដើក៦ស្នូក, សំណាកសាច់សត្វជ្រូកព្រៃ៩០គីឡូក្រាម, សត្វអណ្តើកព្រិច៥ក្បាល ត្រូវបានដោះលែងចូលព្រៃវិញ។

លោកបានថ្លែងថា ខេត្តពោធិ៍សាត់ មានផ្ទៃដីមានទំហំធំ ហើយមន្ត្រីឧទ្យានុរក្សមានចំនួនតិច ដែលមិនឆ្លើយតបទៅនឹងទំហំការងារ ខណៈតំបន់ការពារធម្មជាតិនៅក្នុងខេត្តមានចំនួន៦ ដែលស្ថិតនៅតំបន់ភ្នំ និងបឹងទន្លេសាប លើផ្ទៃដីទំហំជាង៦៨ម៉ឺនហិកតា និងមានមន្ត្រីឧទ្យានុរក្សចំនួន៦៤នាក់ ដែលមានភារកិច្ចគ្រប់គ្រង ការពារថែរក្សា និងអភិរក្ស ហើយតំបន់ការពារធម្មជាតិទាំង៦ មិនទាន់បានកំណត់បែងចែកតំបន់គ្រប់គ្រង បោះបង្គោល និងចុះបញ្ជីដីរដ្ឋ ជាពិសេសតំបន់ស្នូល និងតំបន់អភិរក្ស ដែលប្រជាពលរដ្ឋចេញចូលព្រៃស្វែងរកជីវភាព តាមរយៈការប្រើប្រាស់អាវុធ និងកាំភ្លើងកែច្នៃ ដាក់អន្ទាក់ ឧបករណ៍ឆក់ ដោយខុសច្បាប់ ដើម្បីបរបាញ់សត្វព្រៃ។

លោក គង់ ពុទ្ធីរ៉ា បានបន្តថា ការបរិភោគសាច់សត្វព្រៃ និងការប្រើប្រាស់សំណាកជាគ្រឿងសង្ហារិម នៅតែជាទម្លាប់ របស់ប្រជាពលរដ្ឋមូលដ្ឋាន។

ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការអន្ទាក់សូន្យនាពេលនេះ ខណៈខេត្តពោធិ៍សាត់ គឺជាខេត្តមួយស្ថិតនៅទិសពាយ័ព្យ នៃប្រទេសកម្ពុជា ដែលមានស្ថានភាពភូមិសាស្ត្រសំបូរណ៍ទៅដោយធនធានធម្មជាតិជាច្រើននៅតំបន់ភ្នំ សំបូរណ៍ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃជាច្រើនប្រភេទដូចជា៖ ដំរី ខ្ទីង ទន្សោង ខ្លាឃ្មុំ កែះ ប្រើស ឈ្លូស ជ្រូកព្រៃជាដើម ហើយបឹងទន្លេសាបមានមច្ឆជាតិជាច្រើនប្រភេទ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នេះ មានគោលដៅពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ, ការទប់ស្កាត់ការជួញដូរសត្វព្រៃដោយខុសច្បាប់, ការពង្រឹងលើការងារអនុវត្តច្បាប់ ការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ក្នុងគោលដៅ ដើម្បីកាត់បន្ថយចំនួនអន្ទាក់នៅតំបន់ការពារធនធានធម្មជាតិ, និងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យឈប់បរិភោគសាច់ព្រៃជាដើម។

សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ ត្រូវបានក្រសួងបរិស្ថាន និងអង្គការសង្គមស៊ីវិល សហការគ្នាចាប់ផ្តើមធ្វើយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ក្នុងចំណោមខេត្តជាប់តំបន់ជួរភ្នំក្រវាញរួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តបាត់ដំបង ប៉ៃលិន និងសៀមរាប ដើម្បីសង្រ្គោះជីវិតសត្វព្រៃដែលកំពុងប្រឈមនឹងការវិនាសផុតពូជ ខណៈអន្ទាក់នៅតែជាឃាតកលាក់មុខ ហើយបាននឹងកំពុងគំរាមកំហែងខ្លាំងចំពោះការរស់រានរបស់សត្វព្រៃ៕