(ពោធិ៍សាត់)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា មានមហិច្ចតា បានគោលដៅដើម្បីពង្រីកផ្ទៃដីលក់ឥណទានកាបូន ឱ្យបានជាង២លានហិកតា ខណៈបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីជាង ១.៤លានហិកតា ត្រូវបានលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត។
ការដែលកម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូន បានលើកតម្កើងនូវកិត្យានុភាពជាតិកម្ពុជា លើឆាកអន្តរជាតិ ដែលមិនមានប្រទេសច្រើនទេ ក្នុងពិភពលោកអាចធ្វើបាន និងបានទប់ទល់ជាមួយនឹងយុទ្ធនាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ក្នុងរូបភាពថាកម្ពុជាមានបទល្មើសព្រៃឈើច្រើនជាងគេលើពិភពលោក។
ការលើកឡើងបែបនេះ របស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាពរៀបចំសន្និសីទសារព័ត៌មានស្តីពីយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រោយពេលដែលកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ បានធ្វើឱ្យមានឱកាស និងមានលទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឱ្យកម្ពុជា បានផ្លាស់ប្តូរនូវបរិបថថ្មី គឺពីការកាប់ឈើដើម្បីលុយ ក៏ប៉ុន្តែ ប្រែមករក្សាឈើ ដើម្បីរកចំណូលថាឥណទានកាបូន និងតាមរយៈទេសចរណ៍ផ្សាភ្ជាប់ទឹកដី។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា រហូតមកបច្ចុប្បន្ននេះ កម្ពុជា បានលក់ឥណទានកាបូនទៅឱ្យក្រុមហ៊ុនអន្តរជាតិធំៗ ដែលមានតួនាទី ភារកិច្ចក្នុងការទទួលខុសត្រូវផ្នែកបរិស្ថាន ហើយថវិកាដែលទទួលបានពីការលក់ឥណទានកាបូន គឺបានប្រើប្រាស់ទៅលើការពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងប្រើប្រាស់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន។
លោក នេត្រ ភក្ត្រា បានឱ្យលើកឡើងយ៉ាងដូច្នេះថា៖ «ហើយបច្ចុប្បន្ននេះ កម្ពុជារបស់យើងមានផ្ទៃដីប្រមាណជាង ១.៤លានហិកតា ដែលលក់ឥណទានកាបូន ហើយយើងកំពុងតែពង្រីកនូវផ្ទៃដី ដែលលក់ឥណទានកាបូន ទៅជាង ២លានហិកតា ដែលបច្ចុប្បន្ននេះ យើងកំពុងអនុវត្តន៍នៅដែនជម្រកសត្វព្រៃកែវសីមា, នៅតំបន់ជួរភ្នំក្រវាញ ខេត្តកោះកុង នៅក្នុខេត្តពោធិ៍សាត់ ដែលយើងកំពុងជំរុញបន្ថែមលើដែនជកម្រកសត្វព្រៃភ្នំសំកុក នៅខេត្តព្រះវិហារ យើងមានដែនជម្រកសត្វព្រៃឆែប, ដែនជកម្រកសត្វព្រៃព្រះរកា, ដែលជម្រកសត្វព្រៃគូលែនព្រហ្មទេព និងតំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង ភ្នំពក និងភ្នំត្នោតជាដើម»។
ទន្ទឹមនឹងនេះ លោក ភក្ត្រា បានបន្ថែមថាបច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានកំពុងធ្វើការជាមួយអង្គការ CI ធ្វើការលក់ឥណទានកាបូន នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ព្រមទាំងបានជំរុញការលក់ឥណទានកាបូននៅតាមតំបន់ការពារធនធានធម្មជាតិមួយចំនួនទៀត រួមមាន៖ ដែនជម្រកសត្វព្រៃស្រែពក, ដែនជកម្រកសត្វព្រៃភ្នំព្រិច ដែលក្រសួងបរិស្ថាន សហការជាមួយអង្គការ WWF, ដែនជម្រកសត្វព្រៃលំផាត់ ដាក់លក់លើទីផ្សារឥណទានកាបូនស្ម័គ្រចិន ដើម្បីយកថវិកាមកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ចំណូលនៃការលក់ឥណទានកាបូន នឹងត្រូវបានចាក់ចូលទៅសហគមន៍មូលដ្ឋាននានា នៅជុំវិញដែលជម្រកសត្វព្រៃទូទាំងប្រទេស ដើម្បីចូលរួមការពារ និងអភិរក្សធនធានជាតិ និងសត្វព្រៃ ជាពិសេសបានចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់របរចាស់ចូលព្រៃកាប់ឈើ បរបាញ់សត្វជាដើម។
ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន៖ គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំង៣ ខាងលើនេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែកដល់សហគមន៍មូលដ្ឋាន។
«នេះគឺជារបត់ថ្មីដ៏សំខាន់មួយ កម្ពុជាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានទទួលចំណូលពីការអភិរក្សរបស់ខ្លួន បាននិងកំពុងលុបបំបាត់ទស្សនថា ទាល់តែកាប់ព្រៃឈើទើបបានប្រាក់ចំណូលមកជាប្រទេស ដែលទទួលបានប្រាក់ចំណូលពីការពារនិងអភិរក្សព្រៃឈើរបស់ខ្លួន ក្រោមទិសស្លោក «រក្សាឈើឈរដើម្បីជាផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គមជាតិ»។ នេះជាការលើកឡើងបន្ថែមរបស់លោក នេត្រ ភក្ត្រា៕