(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងផែនការ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទៀងផ្ទាត់គ្រួសារងាយរងហានិភ័យ ដែលត្រូវទទួលកប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដើម្បីប្រាកដថា អ្នកដែលរងហានិភ័យពិតប្រាកដ ទទួលបានប្រាក់ឧបត្ថម្ភនេះ ដែលនឹងចូលរួមរក្សាលំនឹងជីវភាពរបស់ពលរដ្ឋស្ថិតនៅលើបន្ទាត់ក្រីក្រ កុំឱ្យធ្លាក់ចូលក្រោមបន្ទាត់ក្រីក្រ។

ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងពេលចុះពិនិត្យផ្ទៀងផ្ទាត់គ្រួសារងាយរងហានិភ័យនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានថ្លែងថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា បានចាប់ផ្តើមកំណត់សញ្ញាណគ្រួសារតាំងពីចុងឆ្នាំ២០២២ និងបានផ្តល់ឧបត្ថម្ភលើកទី១កាលពីខែធ្នូ ឆ្នាំ២០២២មក ប៉ុន្តែការកំណត់អត្តសញ្ញាណានាពេលនោះអាចនឹងមានការខ្វះចន្លោះ។

លោកបន្តថា ចន្លោះពីខែធ្នូឆ្នាំ២០២២ មកដល់ខែមេសានេះ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងអាជ្ញាធរមូលដ្ឋានបានធ្វើកិច្ចការងារនេះបន្ថែមទៀត ដើម្បីផ្ទៀងផ្ទាត់ និងពិនិត្យមើលបន្ថែមជៀសវាងចន្លោះប្រហោងលើការផ្ដល់ប្រាក់ឧបត្ថម្ភនេះ។

លោកបានឱ្យដឹងថា ក្រោយពេលធ្វើបច្ចុប្បន្នភាព រកឃើញថា ពលរដ្ឋចំនួន ១.៥លាននាក់នៅទូទាំងប្រទេស នឹងត្រៀមបើកប្រាក់ឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណានៅលើកទី២ដែលធ្វើឡើងនៅថ្ងៃទី១០ ខែមេសាមុខ ក្នុងនោះរដ្ឋបានចំណាយទឹកប្រាក់ប្រមាណ១៨លានដុល្លារ។

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តតាមសារលិខិតលេខ ៣៣ សលខ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ត្រូវទទួលបានការឧបត្ថម្ភចំនួន៣លើក ក្នុងនោះ លើកទី១៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២, លើកទី២៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៕