(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមសប្បុរសធម៌ខ្មែរកម្ពុជា ចាត់ទុកសម្តីរបស់អគ្គលេខាធិការបក្សភ្លើងទៀន ដែលលើកឡើងថា ពលរដ្ឋខ្មែរកាន់តែក្រទៅ គឺជាការនិយាយគ្មានមូលដ្ឋានច្បាស់លាស់ និយាយឱ្យតែរួចពីមាត់ដោយគ្មានទិន្នន័យយោង និងខុសពីតថភាពសង្គម។
លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការបក្សភ្លើងទៀន ដែលមានរហស្សនាមបុរសតណ្ហាក្រាស នៅពេលថ្មីៗនេះ បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាកាន់តែក្រ ដោយសារអំពើពុករលួយ និងភាពអយុត្តិធម៌ក្នុងប្តព័ន្ធតុលាការ។
លោក សឿង សុធានី ចាត់ទុកការលើកឡើង គ្រាន់តែជាសម្តីកេងចំណេញផ្នែកនយោបាយ ហើយមិនបានឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងក្នុងសង្គមនោះឡើយ។ លោក សុធានី បានលើកឡើងថា សង្គមខ្មែរក្របំផុត គឺក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ឆ្នាំ១៩៧៩។
លោក សុធានី ចោទសួរថា មកដល់ពេលបច្ចុប្បន្ននេះ មានខ្មែរណាវេទនាដូចពេលនោះទៀតទេ? លោក សុធានី ក៏បានលើកបង្ហាញបង្ហាញការវាយតម្លៃមួយចំនួនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ពីកម្រិតសេដ្ឋកិច្ចកម្ពុជា រវាងឆ្នាំ១៩៩៨ មកដល់ពេលបច្ចុប្បន្ន។ តាមការវាយតម្លៃនេះ បានឆ្លុះបង្ហាញនូវកំណើនសេដ្ឋយ៉ាងល្អប្រសើររបស់កម្ពុជា រហូតក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។
លោក សុធានី អំពាវនាវប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាពិសេសខ្មែរកម្ពុជាក្រោមកំពុងរស់នៅកម្ពុជា កុំជឿសម្តីគ្មានការពិតរបស់ លី សុធារ៉ាយុទ្ធ ហើយត្រូវមើលជីវភាពរបស់ខ្លួនជាក់ស្តែង។ ប្រៀបពីមុន និងពេលបច្ចុប្បន្នមានការវិវឌ្ឍន៍បែបណា?