(កណ្តាល)៖ លោក យូ សិរីវុឌ្ឍ ប្រធានក្រុមការងារកសាងសមាជិកបក្សក្នុង​ជួរ​កម្ម​ករ និយោជិត តាមរោងចក្រក្នុងខេត្តកណ្តាល និងលោក ភឺន ផល្លា ជំនួយការ​សម្តេច​​តេជោប្រធានគនបក្សប្រជាជនកម្ពុជា រួមជាមួយក្រុមការងារ បានចុះជួប​សួរ​សុខទុក្ខ និងសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ៤២០នាក់។

ពិធីសំណេះសំណាលធ្វើឡើងកាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅ​ក្រុម​ហ៊ុនផ្លររីស ហ្គាមេន ក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងជំនួបនោះ លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានសម្តែងការស្វាគមន៍​ប្រក​ប​ដោយក្តីរីករាយជាពន់ពេកចំពោះវត្តមានកម្មករ និយោជិតទាំងអស់ឆ្លៀតពី​ការ​ងារ​ចូលរួមក្នុងពិធីសំណេះសំណាល។

ប្រធាន និងអនុប្រធាន ក្រុមការងារកសាងសមាជិកបក្សក្នុង​ជួរ​កម្ម​ករ និយោជិត តាមរោងចក្រក្នុងខេត្តកណ្តាល បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តី​នឹក​រលឹករបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់កម្មករ និយោជិត ដែលបាន​ចូល​រួម​ទាំងអស់ផងដែរ។

ក្នុងជំនួបក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនោះ លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានគូសរំលេចពីជោគជ័យរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ​ក្នុង​ការយកឈ្នះលើជំងឺរាតត្បាតជំងឺកូវីដ១៩។ ជាពិសេសការបញ្ចេញកញ្ចប់ថវិកា​ជាតិ ដើម្បីជួយដល់កម្មករ និយោជិត ដែលបាត់បង់ការងារក្នុងកំលុងពេលនៃការ​រាត​ត្បាតជំងឺ​កូវី​ដ១៩។

«កម្ពុជាយើងជាប្រទេសដែលគ្រប់គ្រង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ បាន​ល្អប្រសើរទោះបីយើងជាប្រទេសមានវេជ្ជសាស្ត្រនៅទន់ខ្សោយក្តី។ ការយក​ឈ្នះ​នេះ នាំឱ្យប្រទេសជាច្រើនកោតសរសើរចំពោះការដឹកនាំ​របស់សម្តេចតេជោនាយក​រដ្ឋមន្ត្រី។ នេះជាជោគជ័យធំណាស់សម្រាប់ប្រទេសជាតិ ប្រជាជន ជាពិសេស​កម្មករ និយោជិត។ ជោគជ័យទាំងនេះ មិនមែនជារឿងចៃដន្យឡើយ តែជាលទ្ធ​ផល​កើត​ចេញ​ពីការគិតគូរ និងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពរបស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី»។ នេះការគូសរំលេចរបស់លោក យូ សិរីវុឌ្ឍ។

ដោយឡែកលោក ភឺន ផល្លា បានរំលឹកថា ក្នុងជំងឺកូវីដ១៩ រាតត្បាត បានធ្វើឱ្យ​កម្ម​ករ និយោជិតជាច្រើនជួបប្រទះការបាត់បង់ការងារ។ ប៉ុន្តែស្មារតីនៃការគិតគូរ​របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចេញកញ្ចប់ថវិកាឧបត្ថម្ភប្រចាំខែដល់​កម្មករ និយោជិត បើទោះបីមិនបានច្រើន តែក៏ជួយឱ្យកម្មករ និយោជិត​ដោះ​ស្រាយ ការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ។

បន្ថែមពីលើនេះ លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ក៏បានគូសរំលេចវិបត្តិ​របស់​ពិភពលោកបណ្តាលមកពីជំងឺកូវីដ១៩ និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ជា​ហេតុនាំឱ្យការបញ្ជាទិញធ្លាក់ចុះ ហើយក៏នាំឱ្យកម្មករ និយោជិតមួយចំនួនបាត់បង់​ការ​ងារ។

លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានគូសបញ្ជាក់ថា ការបាត់បង់ការងារ​ទាំង​នេះ មិនមែនដោយសារបញ្ហា EBA ដូចជនមួយចំនួនលើកឡើងនោះឡើយ។ ប្រធាន និងអនុប្រធាន ក្រុមការងារកសាងសមាជិកបក្សក្នុង​ជួរ​កម្ម​ករ និយោជិត តាមរោងចក្រក្នុងខេត្តកណ្តាល បានអំពាវនាវកម្មករ និយោជិត កុំឱ្យជឿតាមការ​ឃោសនារបស់ជនមួយចំនួនថា ការបាត់បង់ការងារដោយសារការបាត់បង់ EBA។

«ដរាបណាសង្គ្រាមនៅអ៊ុយក្រែន មិនទាន់បញ្ចប់ទេនោះ វិបត្តិសេដ្ឋកិច្ចនៅតែ​អូស​បន្លាយ ហើយការងារនៅក្នុងវិស័យវេយណភណ្ឌកាត់ដេរនៅតែមានបញ្ហា ដោយ​សារការបញ្ជាទិញធ្លាក់ចុះ ការស្លៀកពាក់មិនដូចពេលមិនទាន់មានសង្គ្រាម​នោះ​ទេ។ ដូច្នេះភាពរអាក់រអួលការងារក្នុងប្រទេសយើងមិនមែនដោយសារតែរឿង EBA នោះឡើយ»។ នេះជាការបញ្ជាក់របស់លោក យូ សិរីវុឌ្ឍ។

បើទោះបីជាយ៉ាងណា លោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា បានលើកទឹកចិត្ត​កម្មករ និយោជិតទាំងអស់ កុំឱ្យមានការព្រួយបារម្ភចំពោះបញ្ហាទាំងនេះ ព្រោះ​សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំជាសេនាធិការ បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនដោះស្រាយបញ្ហាទាំងអស់នេះ ដើម្បីធានាថា ប្រជាពលរដ្ឋនៅតែមានការងារធ្វើ រកបានប្រាក់កម្រៃសម្រាប់ទ្រទ្រង់ជីវភាព៕