(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបិទចរាចរ ឆ្លងកាត់ស្ពានដកបឡឫស្សីកែវ។
រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ បច្ចុប្បន្ន ការសាងសង់ត្រូវបានសម្រេចស្ទើរតែទាំងស្រុង ហើយនៅសេសសល់ការងារមួយចំនួនតូច ដែលមិនប៉ះពាល់ដល់ការបើកចរាចរជាបណ្តោះអាសន្នឡើយ។
ដូចនេះ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ក៏ដូចជាជួយដោះស្រាយការកកស្ទះចរាចរនៅតំបន់ខណ្ឌពាក់ព័ន្ធខាងលើនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ប្រើប្រាស់ជាបណ្ដោះអាសន្ននូវស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ ទន្ទឹមនឹងនេះ ដើម្បីធានានូវសណ្តាប់ធ្នាប់ និងបញ្ចៀសការកកស្ទះចរាចរពី ស្ពានបេតុងឫស្សីកែវឆ្លងទន្លេសាប ឆ្លងកាត់ផ្លូវមុខស្ពានដែកបេឡេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទចរាចរឆ្លងកាត់ ស្ពានដែកបេឡេឫស្សីកែវផងដែរ៕