(បន្ទាយមានជ័យ)៖ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញ៉ាប់ពេក នៅតាមបណ្តោយផ្លូវលេខ១៦០ ចំណុចផ្លូវបំបែកជាបួនចូលសាលារៀន ក្នុងភូមិគោកអំពិល ឃុំអូរប្រាទ ស្រុកមង្គលបូរី លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ យកស្លាកសញ្ញាចរាចរណ៍ចំនួន៤ផ្ទាំង ដាក់ផ្លូវបំបែកជាបួនចូលសាលាទាំងនេះ។

លោក លី សារី បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាញឹកញ៉ាប់ផ្លូវបំបែកជាបួនផ្លូវចូលសាលាបឋមសិក្សាអូរប្រាសាទជាការស្នើសុំ លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត ផ្តល់ស្លាកចរាចរណ៍ចំនួន៤ផ្ទាំង និងមង្គោលដែកបំពង់ទីបចំនួន២ដើមកម្ពស់៤ម៉ែត្រ មានស្លាកសញ្ញាសិស្សឆ្លងកាត់ផ្លូវចំនួន២ផ្ទាំង និងផ្លាក់សញ្ញាបន្ថយល្បឿនចំនួន២ផ្ទាំង។

លោកបានបញ្ជាក់ថា៖ ក្រោយទទួលបានផ្លាក់សញ្ញាចរាចរណ៍ចំនួន៤ផ្ទាំងជំនាញសហការជាមួយអាជ្ញាធរ បានចាប់នឹងបង្គោលដាក់ចំនួន២កន្លែងក្នុង១បង្គោល មានចាប់ស្លាកសញ្ញាសិស្សឆ្លងផ្លូវ និងស្លាកសញ្ញាបន្ថយល្បឿននៅផ្លូវផ្នែកខាងស្តាំ និងឆ្វេងដែលចម្ងាយពីផ្លូវបំបែកជាបួនប្រមាណ១០០ម៉ែត្រ ដើម្បីឱ្យអ្នកធ្វើដំណើរបើកបរម៉ូតូ និងរថយន្តបានឃើញបន្ថយល្បឿនឱ្យសិស្សនិងប្រជាពលរដ្ឋឆ្លងការពារគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

លោក លី សារី បានផ្តាំផ្ញើដល់បើកបរឆ្លងកាត់ផ្លូវបំបែកជាបួនគ្រប់ទីកន្លែងត្រូវចូលគោរពច្បាប់ចរាចរណ៍មិនត្រូវបើកបរបំពាន់បង្កអោយមានគ្រោះកើតឡើងជាពិសេសផ្លូវដែលមានផ្លាក់សញ្ញាសិស្សឆ្លងផ្លូវនិងផ្លាក់សញ្ញាបន្ថយល្បឿនដែលមានសិស្សឆ្លងកាត់ចេញ.ចូលសាលារៀនត្រូវបង្អង់រឺឈប់អោយសិស្សឆ្លងកាត់មិនត្រូវបើកបរក្នុងល្បឿនលឿនត្រូវចូលគោរពច្បាប់ចរាចរណ៍អោយបានគ្រប់គ្នាការពារគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕