(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញក្តីរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅខួប១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅក្នុងសន្និសីទសារពត៌មាន នាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណភូមិខ្ញុំ ដែលស្ថិតនៅខាងជើងប្រាសាទបាយ័ន។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សណ្ឋាគារធំៗមួយចំនួន បានបើកទ្វារហើយនឹងមានការទទួលការកក់បន្ទប់បាន៩០ ភាគរយ និងផ្ទះសំណាក់នៅក្នុងក្រុងនៅចន្លោះ ៨០ភាគរយ បានកក់ផងដែរ។ លោកបានបន្តថា ខួប១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏រួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការអបអរសាទរក្នុងដំណាក់ការដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ផងដែរ។ ការរៀបចំខួប១០នៃអង្គរសង្ក្រាន្តនេះដែរ ក៏បានដាក់តាំងនូវកំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលបានទទួលស្គាល់ពីអន្តរជាតិ ដូចជា៖ អន្សមយក្ស មួកយក្ស ការរាំចង្វាក់ម៉ានីហ្សូន ក្រម៉ាដែលវែងជាងគេ និងចាប៉ីដងវែង។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៣មក ២០១៨ និងឆ្នាំ២០២៣នេះ គឺដើម្បីលើកស្ទួយវប្បធម៌ប្រពៃណី និងរចនាបទខ្មែរ ក្នុងនោះដែរ នៅទីតាំងនីមួយៗ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលគ្រប់រចនាបទទាំងអស់ ក្រុមការងារតែងតែគិតគូរពីសម័យកាល សំលៀកបំពាក់បែបណា ដំបូងរបៀបណា ហើយមុននឹងសាងសង់ក៏បានពិគ្រោះយោបល់ ជាមួយអ្នកគ្រូលោកគ្រូនៅសាលាវិចិត្រសិល្បៈ ឲ្យបានស្របទៅនឹងដំណាក់កាល ដោយសារជាព្រឹត្តិការណ៍មួយ ដែលលើកពីរបៀបរបបប្រពៃណីជាតិខ្មែរ ដូច្នេះហើយ រចនាបទស្ទើតែទាំងស្រុងនៅក្នុងក្របខណ្ឌយកគំរូតាមទៅនឹងអ្វីដែលជារចនាបទខ្មែរ ប៉ុន្តែនៅកន្លែងខ្លះក៏មានការកែច្នៃប្រឌិតបន្តិចបន្តួចផងដែរ។
លោកបានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ មានឯកកម្មពិភពលោកចំនួន០២៖ ទី១៖ បត់ក្រដាសបេះដូង និងទី២៖ ចង្វាក់ម៉ាឌីសុន។
សូមបញ្ជាក់ផងដែរ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីមាន៤៤នៅ៦ទីតាំង នៅខាងមុខអង្គរ ទីលានជល់ដំរី អង្គរឃ្យូងយូ នៅតំបន់ដងស្ទឹង សួនច្បារព្រះរាជដំណាក់ និងនៅតំបន់មួយចំនួនទៀត ព្រមទាំងមានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕