(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជាប់ឆ្នោតចូលជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូ អិន អេដស៍ (Program Coordinating Board of UNAIDS)សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការបោះឆ្នោត ព្រះរាជាណាចក្រកម្ពុជា បានត្រូវអង្គប្រជុំអនុម័តឱ្យចូលជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូអិន អេដស៍ (PCB of UNAIDS) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកអាណត្តិ ២០២៣-២០២៥។

យោងតាងសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែល Fresh News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា កាលពីថ្ងៃទី៥ ខែមេសា កន្លងទៅនេះក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម (ECOSOC) របស់អង្គការសហប្រជាជាតិបានបើក
អង្គប្រជុំនៅទីក្រុងញ៉ូវយ៉ក និងបានលើករបៀបវារៈមួយចំនួន ក្នុងនោះមានការបោះឆ្នោតបំពេញបន្ថែមសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូ អិន អេដស៍ (Program Coordinating Board of UNAIDS) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។

តាមរយៈការបោះឆ្នោត ព្រះរាជាណាចក្រកម្ពុជា បានត្រូវអង្គប្រជុំអនុម័តឱ្យចូលជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការ យូអិន អេដស៍ (PCB of UNAIDS) សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកអាណត្តិ ២០២៣-២០២៥។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបន្តឲ្យដឹងទៀតថា ជោគជ័យនៃការជាប់ឆ្នោតចូលជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់ អង្គការ យូ អិន អេដស៍ នេះជាសមិទ្ធផលដ៏ត្រចះត្រចង់ថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឆ្លុះបញ្ចាំងនូវការទទួលស្គាល់ដោយ សហគមន៍អន្តរជាតិ ចំពោះការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាថា ជាកម្មវិធីឈានមុខមួយ ប្រកបដោយប្រសិទ្ធភាព។

ក្នុងឋានៈជាសមាជិកថ្មីនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់ អង្គការ យូ អ៊ិន អេដស៍ កម្ពុជាប្រាកដជាអាចចូលរួមមតិ ដល់ការរៀបចំកម្មវិធីប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីកែលម្អ និងជំរុញការប្រយុទ្ធនឹងមេរោគអេដស៍ ឲ្យសម្រេចគោលដៅលុបបំបាត់មេរោគអេដស៍ និងជំងឺអេដស៍ ដោយជោគជ័យ តាមកាលកំណត់នៅក្នុងពិភពលោក។ ការជាប់ឆ្នោតចូលជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីអេដស៍នេះ ក៏ជាជោគជ័យនៃនយោបាយការបរទេសរបស់កម្ពុជា ដែលតែងតែស្វែងរកមិត្តជាប់ជាប្រចាំ គ្រប់ទីកន្លែង គ្រប់និន្នាការ និងដែលកំពុងទទួលបាននូវការគាំទ្រកាន់តែធំធេងពីសហគមន៍អន្តរជាតិ៕