(សៀមរាប)៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឲ្យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ត្រូវបន្តរៀបចំកម្មវិធីជួបជុំពិសាអាហារសាមគ្គីយ៉ាងហោច១ឆ្នាំម្ដង ដើម្បីឱ្យសមាជិក សមាជិការ ពាណិជ្ជករ អាជីវករ មានឱកាសបានជួបជុំ និងស្វែងយល់ពីគ្នា។

លោកលើកឡើងបែបននេះ នៅក្នុងឱកាសពិសាអាហារសាមគ្គីជួបជុំសមាជិក អាណត្តិទី៣ លើកទី១ របស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដែលបានធ្វើឡើងនារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ខេត្តសៀមរាប។ ពិធីនេះក៏មានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប លោក ឈួន អាន សមាជិកក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ
លោក សង់ រីហា អភិបាលរងខេត្តឧត្តរមានជ័យ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងសមាជិក សមាជិការ ពាណិជ្ជករ អាជីវករជាច្រើនចូលរួមផងដែរ។

លោកឧកញ៉ា លឹម ហេង បានលើកឡើងថា ការជួបជុំគ្នាក្នុងឱកាសនេះ ពិតជាមានតម្លៃ នឹងផ្តល់ផលវិជ្ជមានដល់ សមាជិក សមាជិកាទាំងអស់ អាចស្វែងយល់ពីគ្នាបានកាន់តែច្រើន ជាពិសេសលើមុខរបរ អាជីវកម្ម និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលធ្វើយ៉ាងណាអោយវិស័យធុរកិច្ច ពាណិជ្ជកម្ម ក្នុងខេត្តរបស់មានការអភិវឌ្ឍន៍ជាលំដាប់។ លោកឧកញ៉ា ក៏បានជំរុញដល់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្ដរមានជ័យ ត្រូបបន្តរៀបចំកម្មវិធីជួបជុំបែបនេះ យ៉ាងហោច១ឆ្នាំម្ដង ដើម្បីឱ្យសមាជិក សមាជិការ ពាណិជ្ជករ អាជីវករ មានឱកាសបានជួបជុំស្វែងយល់ពីគ្នាផងដែរ។

លោកឧកញ៉ា លឹម ហេង បានសម្តែងការអបអរសាទរចំពោះ លោកឧកញ៉ា ហ៊ុយ តៀវ ដែលបានជាប់ឆ្នោតជា ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អាណត្តិទី៣ ជាថ្មីម្ដងទៀត ដោយទទួលបានការទុកចិត្តពីសមាជិក បោះឆ្នោតគាំទ្រ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដែលនេះសរបញ្ជាក់ឱ្យឃើញនូវការដឹកនាំដ៍ ប៉ិនប្រសព្វ និងការទទួលខុសត្រូវខ្ពស់របស់ លោកឧកញ៉ាដែលបានញុំាងអោយសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ដើរតួនាទីជាមួយសភាពាណិជ្ជកម្មកម្ពុជាមិនអាចខ្វះ បានក្នុងការចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានលើកដែរថា ពិធីជួបជុំពិសាអាហារសាមគ្គីនេះ ធ្វើឡើងដើម្បីបង្កើតទំនាក់ទំនងរវាងសមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ អ្នកប្រកបមុខរបរអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗគ្នា បានស្គាល់គ្នាក្នុងនាមជាសមាជិកស មាជិកាសភាពាណិជ្ជកម្មដូចគ្នា និងបង្កើតទំនាក់ទំនងរវាងខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។

លោកឧកញ៉ា បានបន្តថា បានថ្លែងអំណរគុណដល់ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សភាពាណិជ្ជកម្មកម្ពុជា រដ្ឋបាលខេត្តឧត្តរមានជ័យ និងមន្ទីរអង្គភាពពាក់ព័ន្ធនានា ដែលបានសហរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិក សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ហើយក៏ជាការថ្លែងអំណរគុណចំពោះសមាជិក សមាជិកា ពាណិជ្ជករ អាជីវករ ដែលបានចូលរួមបោះឆ្នោត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣កន្លងទៅ សម្រាប់ការដំណើរការការិយាល័យអាណត្តិទី៣ លើកទី១ ព្រមទាំងអបអរសាទរក្នុងពិធីចូលឆ្នាំប្រពៃណីជាតិផងដែរ។

លោកឧកញ៉ា បានបន្តទៀតថា សភាពាណិជ្ជកម្មកម្ពុជា គឺជាគ្រឹះស្ថានសាធារណៈមួយ ដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ធ្វើការងារបម្រើឲ្យវិស័យឯកជន ដោយពុំស្វែងរកនូវប្រាក់ចំណេញឡើយ។ ការចូលរួមរបស់សមាជិក សមាជិកា ពាណិជ្ជករ អាជីវករ ដើម្បីធ្វើការងាររួមគ្នា និងជំរុញវិស័យឯកជននៅក្នុងខេត្តទាំងពីរឲ្យមានការរីកចម្រើន ព្រមទាំងបង្កើតឱកាស ទោះបីជាអ្វី ដែលយើងកំពុងធ្វើមិនបានទទួលផលច្រើនយ៉ាងណាក៏ដោយ ក៏សង្ឃឹមថា វានឹងហុចផលដល់មនុស្សជំនាន់ក្រោយ និងពេលអនាគត។

ជាមួយនេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ពោះរបស់លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមយ៉ាងមានតម្លៃចូលរួមក្នុងឱកាសនេះ ដែលញ៉ាំឲ្យកម្មវិធីកាន់តែមានបរិយាកាសរីករាយយ៉ាងក្រៃលែងបំផុត។ លោកក៏បានថ្លែងអំណរគុណចំពោះលោកឧកញ៉ា ហ៊ុយ តៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងសហការីដែលបានផ្តួចផ្តើមរៀបចំឲ្យជួបជុំគ្នារវាងសមាជិក សមាជិការ ពាណិជ្ជករ អាជីវករ នៅក្និងខេត្តទាំងពីរ ដើម្បីរឹតចំណងមិត្តភាពនឹងគ្នា មន្ត្រីរាជការទាំងវិស័យរដ្ឋ និងឯកជនផងដែរ៕