(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា (CPP) បានចេញលិខិតថ្កោលទោសចំពោះការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យនៅព្រឹកមិញនេះ ហើយអំពាវនាវឱ្យសមត្ថកិច្ច ស្រាវជ្រាវឱ្យបានល្អិតល្អន់ ដើម្បីស្វែងរកអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ក្នុងលិខិតរបស់គណបក្សប្រជាជនកម្ពុជា ដែល Fresh News ទទួលបាននៅមុននេះ បានសរសេរថា «គណបក្សប្រជាជនកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្កាការនូវអំពើដ៏ព្រៃផ្សៃនេះ ដែលជាការគម្រាមកំហែងដល់សិទ្ធិសរីភាពបុគ្គល ក៏ដូចជាប្រជាពលរដ្ឋទាំងមូលដែលរស់នៅក្នុងសេរីភាព និងសន្តិភាព»។
CPP ក៏បានលើកឡើងទៀតថា «គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឱ្យអាជ្ញាធរ មានសមត្ថកិច្ច បន្តចាត់វិធានការស្រាវជ្រាវស៊ើបអង្កេត ឱ្យបានល្អិតល្អន់តាមនីតិវិធីច្បាប់ ដើម្បីចាប់បញ្ជូនជនល្មើស និងអ្នកផ្សំគំនិតទៅតុលាការ ធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ព្រោះនេះជាវិធានការក្នុងការពង្រឹងសន្តិសុខសង្គម ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស»។
សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Star Mart ស្តុបបូកគោ ខណ្ឌចំការមន នៅម៉ោង០៨៖៤៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលដេញចាប់បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាព។ នៅចំពោះមុខសមត្ថកិច្ច ខ្មាន់កាំភ្លើងបានសារភាពថាខ្លួនមានឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនជិះម៉ូតូឌុបទៅបាញ់សម្លាប់រងគ្រោះ ដោយសាររឿងជំពាក់ប្រាក់មិនសង។
ទោះជាយ៉ាងណា លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ពុំទាន់ជឿថា ជនដៃដល់មានឈ្មោះ ជួប សម្លាប់ ដូចការសារភាពរបស់គេឡើយ។ លោកថា សមត្ថកិច្ចកំពុងមានតម្រុយច្រើន ដែលមានប្រយោជន៍ដល់ការស៊ើបអង្កេតបន្តទៀត៕