(បន្ទាយមានជ័យ)៖ នៅតាមសាលារៀន ក្នុងក្រុងសិរីសោភ័ណ ពេលនេះ មានការរៀបចំ សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០២៣ ដើម្បីឱ្យសិស្ស និងពលរដ្ឋលេងកម្សាន្ត យ៉ាងសប្បាយរីករាយ។ នេះបើតាម លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ។

សង្ក្រាន្តនេះ ត្រូវបានរៀបចំធ្វើឡើងនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យសិរីសោភ័ណ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ និងសកលវិទ្យាល័យជាតិមានជ័យ បានរៀបចំនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលមានសិស្ស និងប្រជាពលរដ្ឋជាច្រើនពាន់ បានលេងល្បែងប្រជាប្រិយ និងរាំកំសាន្តសប្បាយ ដោយមានរថយន្តពន្លត់អគ្គីភ័យបានបាញ់ទឹកឱ្យបានត្រជាក់។

បើតាម លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា៖ ខេត្តបន្ទាយមានជ័យ តាមសាលារៀនរដ្ឋ និងឯកជន បានរៀបចំសង្ក្រានឆ្នាំថ្មីឆ្នាំ២០២៣ ត្រូវបានធ្វើជាបណ្តើៗហើយ ដែលមានប្រមាណ៧០ភាគរយ ហើយដែលបានធ្វើនិងមានសិស្ស និងប្រជាពលរដ្ឋរាប់ពាន់នាក់ចូលរួមលេងល្បែងប្រជាប្រិយ និងរាំកំសាន្ត។

លោកបានបញ្ជាក់ថា ការធ្វើសង្ក្រានឆ្នាំថ្មី នៅខេត្តបន្ទាយមានជ័យ បានរៀបចំចាប់ពីគ្រឹះស្ថានកម្រិតបឋម រហូតដល់ឧត្តមសិក្សា ដើម្បីឱ្យសិស្សនុសិស្ស និស្សិត បានស្គាល់ និងយល់ដឹងពីសង្ក្រានឆ្នាំថ្មី ដែលមានល្បែងប្រជាប្រិយ សម្រាប់លេងកំសាន្ត អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ៕