(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនឹងធ្វើឡើងក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ នៅសាលសន្និសីទជាន់ទី១ នៃទីស្ដីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ)។
កិច្ចប្រជុំនេះ នឹងប្រកាសផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតនៅ គ.ជ.ប ផងដែរ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ គ.ជ.ប បានចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងស្រុកចំនួន៥ ដែលទើបបំបែក និងបង្កើតថ្មី រួមមាន៖ ក្រុងអរិយក្សត្រ ក្រុងសំពៅពូន នៃខេត្តកណ្ដាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ នៃខេត្តក្រចេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ គ.ជ.ប បានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ចំនួន៥ ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង៕