(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ «សម្ដេចកិត្តិសង្គហបណ្ឌិត»។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចក្រឡាហោម បានលើកឡើងថា «ការទទួលបានគោរមងារដ៏ឧត្តុងឧត្តមនេះ គឺជាសក្ខីភាពដ៏សក្តិសមទៅនឹងគុណបំណាច់ និងស្នាដ ដ៏ធំធេងរបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ។ ខ្ញុំសូមសម្ដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងពលិកម្មដ៏អង់អាចមិនអាចកាត់ថ្លៃបាន ប្រកបដោយស្មារតីស្នេហាជាតិដ៏មោះមុតរបស់ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានរួមចំណែកក្នុង ចលនាតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ រហូតមក ដល់បច្ចុប្បន្ននេះ»

នាក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចក្រឡាហោម សូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម កិមិរាទេវី សូមជួយ ប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្ដេចកិត្តិ សង្គហបណ្ឌិត និងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចក្រឡាហោម ស ខេង៖