(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយមេក្រុមបក្សភូមិរោងបន្លែ សង្កាត់ស្វាយរៀង និងផ្សព្វផ្សាយគោលនយោបាយ ៨ចំណុចរបស់គណបក្សប្រជាជនកម្ពុជា។

ពិធីមានការចូលរួមពី លោក ចាន់ ដារ៉ា អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយភូមិរោងបន្លែ និងសមាជិកក្រុមការងារ លោក ឯក សារុំសមាជិកគណៈអចិន្ត្រៃយ៍គណបក្សក្រុងស្វាយរៀង ក្រុមប្រឹក្សាគណបក្សសង្កាត់ សាខាបក្សភូមិរោងបន្លែ និងមេក្រុមបក្សសរុប ១៣៥នាក់។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង និងលោកឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀងជូនដល់សមាជិកសមាជិកាគណបក្សនៅសង្កាត់ស្វាយរៀងផងដែរ។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ក្រោមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាន នូវសមិទ្ធផលធំធេងជាបន្តបន្ទាប់ និងធ្វើឱ្យសង្គមជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

លោកបានបន្តទៀតថា រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ទាំងកិច្ចការបរទេស កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម ពាណិជ្ជកម្ម វិស័យការងារ សុខុមាលភាពសាធារណៈ ជាពិសេសការគ្រប់គ្រងបាននូវវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩។ សមិទ្ធផលទាំងនេះអាចសម្រេចបានលុះត្រាតែមានកត្តាសំខាន់បំផុតគឺសន្តិភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ជាខ្លាំងចំពោះសុខទុក្ខ និងជីវភាព សុខភាពប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះលោកបណ្ឌិត កែរ រដ្ឋា បានស្នើឱ្យសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជារួមសាមគ្គីគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តភារកិច្ច និងសូមកុំក្រអើតក្រទម ត្រូវតែគោរពស្រលាញ់គ្នាឱ្យបានច្រើន។

លោកបណ្ឌិតក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចុះដល់ផ្ទះប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះពួកគាត់ ជាពិសេសត្រូវផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពនិងគណនីយភាពត្រឹមត្រូវ។

បន្ថែមលើសពីនេះលោកបណ្ឌិត ក៏បានប្រកាសគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសភាជាតិអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងបន្តគាំទ្របេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ។នៅក្នុងឱកាសនោះលោកបណ្ឌិតកែរ រដ្ឋាក៏បានឧបត្ថម្ភមេក្រុមបក្សម្នាក់ៗទទួលបានក្រម៉ា ១ និងថវិកា ១០.០០០រៀល៕