(ភ្នំពេញ)៖ បុរសដ៏កំសត់ លោក យ៉ាន ចិន បានលើកឡើងទាំងទឹកភ្នែក ប្រាប់ពីទុកលំបាកដែលខ្លួន ស្ទើរតែទទួលយកមិនបាន ដែលលទ្ធផលនៃការតស៊ូក្នុងជីវិតគាត់ បែរជាមកជួបរឿងអកុសល ពិការដៃទាំងពីរ មិនអាចប្រកបរបបចិញ្ចឹមជីវិតប្រពន្ធកូនដូចមុន ហើយក្លាយជាបន្ទុករបស់គ្រួសារទៅវិញ។

លោក យ៉ាន ចិន អាយុ២៤ឆ្នាំ បានទទួលរងគ្រោះថ្នាក់ការងារ នៅប្រទេសថៃកាលដើមឆ្នាំ២០២២ បណ្តាលឱ្យដាច់ដៃទាំង២ (ចូលម៉ាស៊ីនស្លរថង់ផ្លាស្ទីក) មានប្រពន្ធឈ្មោះ អ៊ួច ដាវីន អាយុ២០ឆ្នាំ មានកូនតូច២នាក់ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សព្វថ្ងៃបុរសដ៏កំសត់នេះ មិនទាន់អាចធ្វើការងារអ្វីបានឡើយ បន្ទុកគ្រួសារក៏បានធ្លាក់ទៅលើប្រពន្ធ ដោយស៊ីឈ្មួលជួយលក់ដូរឱ្យគេ ដើម្បីទទួលបានកម្រៃតិចតួច ចិញ្ចឹមកូន និងមើលថែប្ដី។ ដោយសារតែទុកលំបាកវេទនានេះ បានដឹងដល់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ជាតំណាង ចុះទៅដល់គេហដ្ឋានរបស់លោក យ៉ាន ចិន ដើម្បីចុះសួរសុខទុក្ខផង និងផ្ដល់អំណោយដែលចាំបាច់ជូនគ្រួសារបុរសនោះផង នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

កន្លងមកនេះ លោក យ៉ាន ចិន និងគ្រួសារ ក៏ធ្លាប់ទទួលអំណោយជាផ្ទះ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ដបាត់ដំបងផងដែរ ។ដូច្នេះកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំជាងគេនៅកម្ពុជា និងជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះបំផុត នៅតែដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារពលរដ្ឋរងគ្រោះ ដែលសម្ដេច តែងតែមានទឹកចិត្តអាណិតអាសូរ និងតាមដានជាប្រចាំចំពោះបញ្ហាសុខភាព ក៏ដូចជាជីវភាព និងការរស់នៅប្រចាំថ្ងៃ។ លោកស្រីក៏បានលើកទឹកចិត្តដល់គ្រួសារពលរដ្ឋរងគ្រោះ ឱ្យចេះមើលថែរក្សាគ្នា ថែទាំសុខភាពឱ្យបានល្អ ខិតខំបន្ថែមទៀតក្នុងការប្រកបមុខរបររកទទួលទាន និងត្រូវជំរុញកូនៗឱ្យបានទៅសិក្សារៀនសូត្រ ដើម្បីអនាគតភ្លឺស្វាង។

លោក យ៉ាន ចិន និងក្រុមគ្រួសារ បានសម្ដែងនូវការរំភើបចិត្ដជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក។ ទន្ទឹមនឹងនោះ លោក យ៉ាន ចិន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ថា «ខ្ញុំរំភើបណាស់ ចំពោះទឹកចិត្ដដ៏ធំធេង រកអ្វីមកប្រៀបផ្ទឹមពុំបាន ជួយធ្វើផ្ទះឱ្យហើយ ជួយជាថវិកាទៀត ។ ខ្ញុំសប្បាយចិត្ដ ដែលបានជួយក្រុមគ្រួសារ កូនប្រពន្ធខ្ញុំ។ ខ្ញុំសូមថ្លែងអំណរគុណដល់សម្តេចម៉ែ (សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន) និងសម្ដេចពុក (សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា)» ។

សូមជម្រាបថា ក្នុងឱកាសចុះសួរសុខទុក្ខគ្រួសារលោក យ៉ាន ចិន កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមកប្រគល់ជូនរួមមាន៖ អង្ករ មី ត្រីខ ទឹកស៊ីអីវ និងឃីត១កញ្ចប់ ព្រមទាំងថវិកាមួយចំនួនទៀតផងដែរ៕