(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្កោលទោសចំពោះអំពើព្រៃផ្សៃ ករណីបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យនៅព្រឹកមិញនេះ។ សម្តេចតេជោ បានស្នើឱ្យសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះករណីនេះ។
នៅលើទំព័រ Facebook នៅប៉ុន្មាននេះមុននេះ សម្តេចតេជោ ហ៊ុន សែន បានសរសេថា «ខ្ញុំសូមចូលរួមមរណៈទុក្ខចំពោះមរណភាពរបស់ លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារយ៉ាងឃោឃៅដែលខ្ញុំសូមថ្កោលទោសអំពើរដ៏ព្រៃផ្សៃនេះ»។
សម្តេចតេជោ បានបន្ថែមថា «សូមឱ្យស្ថាបន័មានសមត្ថកិច្ចចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីនេះ និងខិតខំត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចាត់វិធានការពង្រឹងសន្តិសុខដើម្បីការពារសុវត្ថិភាពប្រជាជននៅទូទាំងប្រទេស»។
សូមជំរាបថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុង Star Mart ស្តុបបូកគោ ខណ្ឌចំការមន នៅម៉ោង៨៖៤៥នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ហើយខ្មាន់កាំភ្លើងម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់បាន ក្រោយកើតហេតុមួយស្របក់។
ខ្មាន់កាំភ្លើងបានសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៨ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ ហើយថា ខ្លួនជិះម៉ូតូឌុបទៅបាញ់សម្លាប់ជនរងគ្រោះ ព្រោះតែជំពាក់ប្រាក់៤ពាន់ដុល្លារមិនសង៕