(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន ដ៏មាន​ប្រជា​​​ប្រិយភាព បានលើកឡើងថា សកម្មភាពដែលយុវជនបក្សប្រជាជន​កម្ពុជាខិតខំ​ធ្វើនាពេលកន្លងមកនៅក្រៅប្រទេស គឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគេដឹងថា ជាយុវជនបក្សប្រជាជនកម្ពុជា ដែល​បានផ្តួចផ្តើមរៀបចំចងក្រងយុវជនបក្សធ្វើសកម្មភាពផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសមានដូចជានៅអឺរ៉ុប អាមេរិក អូស្ត្រាលី និងនៅកូរ៉េ​ខាង​ត្បូង​ជាដើម។ តាមរយៈសកម្មភាពទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋខ្មែររស់នៅក្រៅ​ប្រទេស ជាពិសេសនៅអឺរ៉ុប និងអាមេរិក មានទំនាក់ទំនងល្អជាមួយ​ប្រទេស​កំណើត ហើយក៏បានជ្រូតជ្រាបពីការវិវឌ្ឍន៍របស់ប្រទេសកំណើតរបស់ខ្លួនផងដែរ។

ក្នុងពិធីសំណេះសំណាល​ និងជួបជុំប្រជាពលរដ្ឋខ្មែរ​ រស់នៅសហរដ្ឋអាមេរិក​ និង​ប្រ​ទេ​សកាណាដា​ ក្នុងឱកាសអបអរសារទរមហាសង្ក្រាន្តឆ្នាំថ្មី​នាថ្ងៃទី០៨ ខែ​មេសា ឆ្នាំ​២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកថា ដើម្បីផ្សារភ្ជាប់​ទំនាក់​ទំនងរវាង ខ្មែរក្រៅស្រុក និងក្នុងស្រុក ក្រុមការងារយុវជនបក្សប្រជាជន​ក្រៅប្រទេស បានធ្វើ​សកម្មភាពជាច្រើន។ ក្នុងនោះរួមមានទាំងការជួយរៀបចំកម្ម​វិធី​វប្ប​ធម៌ផ្សេងៗនៅ​ក្រៅស្រុកផងដែរ។

លោកបណ្ឌិត បានរំលឹកថា លោកធ្លាប់បានរៀបចំដឹកជញ្ជូនសម្ភារៈជាសម្បត្តិ​វប្ប​ធម៌​ខ្មែរ​មួយចំនួនទៅរៀបចំកម្មវិធីសង្ក្រាន្តនៅក្រុងឡុងប៊ិច ហើយលោកត្រូវក្រុម​ប្រឆាំងដេញមិនឱ្យចូលទីតាំងដែលលោកជួយរៀបចំ។ លោក ក៏មានក្រុមការងារឱ្យ​យោប​ល់យកសម្ភារៈនោះចេញពីទីតាំងប្រារព្ធនោះទៀត។ ប៉ុន្តែលោកមិនយក​ចេញនោះឡើយ ព្រោះលោកចង់ឱ្យសម្ភារៈតំណាងឱ្យវប្បធម៌ខ្មែរនោះ ត្រូវបានបង្ហាញជនបរទេស៕