(ពិភពលោក)៖ គ្រាន់តែឮពាក្យសង្គ្រាម យើងបានដឹងរួចទៅហើយថា វេទនា និងលំបាកកម្រិតណា ចុះទម្រាំតែអ្នកដែលបានឆ្លងកាត់ នូវភ្លើងសង្គ្រាមផ្ទាល់ទៀត តើទឹកភ្នែកប៉ុន្មានលានតំណក់ ដែលបានធ្លាក់មកស្រោចស្រប និងក្រាលពេញដី លាយជាមួយនឹង​លោហិតដ៏ក្រហម ដល់កម្រិតណានោះ?។

ត្បិតតែរាល់ថ្ងៃប្រទេសកម្ពុជា មានសន្ដិភាព គ្មានភ្លើងសង្គ្រាមពិតមែន ប៉ុន្តែ​បណ្ដាល​ប្រទេសជាច្រើន នៅលើសាកលលោក នៅមិនទាន់បានគេចផុតពីសង្គ្រាមនោះ ហើយក៏មានប្រទេសមួយចំនួន ទើបតែគេចផុតផង។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលជួបនូវភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ។

០១-ប្រទេសឆែកឆ្នៀ (Chechnya)

ប្រទេសមួយនេះ និងប្រទេសរុស្ស៊ី បានបង្កសង្គ្រាម និងបង្ហូរឈាម​អស់រយៈពេលជាង២០០ឆ្នាំ ដោយគ្មានសញ្ញាណាមួយ បញ្ជាក់ពីភាពអន់ថយ នៃភ្លើងសង្គ្រាមឡើយ។ ក្រៅពីកើតមានជម្លោះរវាងរុស្ស៊ីហើយនោះ ប្រទេសមួយនេះ នៅកើតមាន​អំពើហិង្សា និងចលាចលនៅក្នុងប្រទេស​ ដោយសារតែ​ពួកកាន់សាសនាអ៉ីស្លាមនិយម។

ប៉ុន្តែអ្វីដែលសាហាវនោះ គឺមានករណីកាប់សម្លាប់​គ្នា យ៉ាងរង្គាលនៅក្នុងប្រទេស ដូច​ជាការកាត់ក្បាល​ ព្យូរតាមរបង ឬទីសាធារណៈជាដើម ហើយមកដល់សព្វថ្ងៃនេះ គេមិនអាចសន្និដ្ឋានបានថា ប្រទេសមួយនេះ នឹងទទួលបានសន្ដិភាព នៅពេលណាឲ្យប្រាកដនោះទេ ព្រោះតែ​អំពើ​ហិង្សាកើតមានគ្រប់ទីកន្លែង។

០២-ប្រទេសអាហ្វហ្គានីស្ថាន

ជាប្រទេសមួយដែលមានទេសភាពស្រស់ស្អាតនៅក្នុងលោក ប៉ុន្តែត្រូវបានធ្លាក់ក្នុងភ្លើងសង្គ្រាមនាឆ្នាំ១៨៣៩ ដោយដោយសារតែ​មហាអំណាចអង់គ្លេស បានឈ្លានពាន​ និង​គ្រប់គ្រង​ប្រទេសមួយនេះ រហូតដល់ឆ្នាំ ១៩១៩។ ៦០ឆ្នាំក្រោយមក សហភាពសូវៀត បាន​ព្យាយាម​​លូកដៃ ចូលប្រទេសមួយនេះ​ ដោយបានធ្វើសង្គ្រាម​ជាមួយនឹង​ក្រុមឧទ្ទាម, ក្រុមសកម្មប្រយុទ្ធ និងកុលសម្ព័ន្ធផ្សេង រហូតបង្កជាសង្គ្រាមដ៏ធំ និងបានយកឈ្នះ​លើ​ក្រុមកងទ័ពក្រហម។ នៅក្នុងអំឡុងពេល​សង្គ្រាមស៊ីវិល ក៏បានកើតចេញក្រុមមឧទ្ទាមតាលីបង់ ហើយក្រុមនេះ បានពង្រីកខ្លួនធំធាត់ រហូតមកដល់សព្វថ្ងៃ ដោយបាន​ប្រឆាំង​នឹងរដ្ឋាភិបាល ព្រមទាំងបានបង្កអំពើហិង្សា​រាប់មិនអស់។

០៣-ប្រទេសអ៉ីរ៉ាក់

ប្រទេសអ៉ីរ៉ាក់ បានធ្លាក់នៅក្នុងភ្លើងសង្គ្រាមតាំងពីឆ្នាំ១៩២០។ ក្រៅពីសង្គ្រានឈ្លានពាន​ ពីប្រទេស​មហាអំណាច​បរទេស​ ប្រទេសអ៉ីរ៉ាក់បាន​ជួបនឹងសង្គ្រាមស៊ីវិល​ នៅក្នុងប្រទេស​​ ដែលបង្កឡើងក្រុមជនជាតិភាគតិច, ក្រុមបដិវត្តន៍ផ្ទៃក្នុង និង​សង្គ្រាមជាមួយប្រទេស​អ៉ីស្រាអ៊ែល នៅចន្លោះ​ខែ​១៩៨០-១៩៨៨ និង​ជាមួយអ៉ីរ៉ង់ ហើយក៏មានសង្គ្រាមជាមួយ​មហាអំណាចអាមេរិក រួមទាំងសម្ព័ន្ធមិត្ត ដែលអូសបន្លាយពេលរហូតដល់១០០ឆ្នាំ។ ប្រទេសមួយនេះ បានធ្លាក់នៅក្នុងភ្លើងសង្គ្រាមដ៏ធ្ងន់ធ្ងរនោះ គឺនៅពេលដែលរដ្ឋាភិបាល​អាមេរិក រួមនឹងសម្ព័ន្ធដ៏ជិតស្និទ្ធ គឺចក្រភពអង់គ្លេស សម្រេចចិត្តវាយប្រហារអ៉ីរ៉ាក់ ដោយ​គោលដៅរំលំរដ្ឋាភិបាលលោក Saddam Hussein នៅឆ្នាំ២០០៣។

០៤-ប្រទេសមីយ៉ាន់ម៉ា (ភូមា)

សង្គ្រាមស៊ីវិលបានកើតមានឡើង នៅក្នុងប្រទេសភូមា ចាប់តាំងពីឆ្នាំ ១៩៤៨។ នៅឆ្នាំ ១៩៨៩ ប្រទេសភូមា ត្រូវបានរដ្ឋាភិបាលយោធា​ផ្លាស់ប្ដូរ ទៅជា​សាធារណរដ្ឋ​សហភាពមីយ៉ាន់ម៉ា ប៉ុន្តែភាគច្រើនគេនៅហៅ ភូមាដដែល។ ក្រោយពីទទួលបានឯករាជ្យ ពីចក្រភពអង់គ្លេស ប្រទេសភូមា បានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម​ និងអំពើហិង្សាពេញផ្ទៃប្រទេស ខណៈក្រុម​ជនជាតិ​ភាគតិចជាច្រើននៅក្នុងប្រទេស ដែលក្ដោបអំណាចមួយ​ចំនួន បាន​ប្រយុទ្ធ​ប្រឆាំង​គ្នា​ទៅវិញទៅមក និងបានឈានទៅប្រឆាំងជាមួយរដ្ឋាភិបាលយោធាថែម​កទៀតផង។ បើទោះបីជាមានបទឈប់បាញ់គ្នា ជាច្រើនរវាងក្រុមជនជាតិភាគតិច ជាមួយនឹងរដ្ឋាភិបាលយោធាក្ដី ក៏អំពើហិង្សានៅតែកើតមាន ​នៅតាមតំបន់មួយចំនួន។

០៥- ប្រទេសកូឡុំប៊ី

ជម្លោះនៅក្នុងប្រទេស​កូឡុំប៊ី បានកើតឡើងតាំងពីឆ្នាំ ១៩៦៤ ដោយបានកើតឡើងរវាងរដ្ឋាភិបាល, ក្រុមយោធាប្រតិព័ទ្ធ, ក្រុម​បដិវត្តន៍ប្រដាប់អាវុធឆ្វេងនិយម និងក្រុមឧក្រិដ្ឋកម្ម​នានា។ ក្រុមឧទ្ទាមមួយចំនួន ដូចជាក្រុមឧទ្ទាមឆ្វេងនិយម ពួកគេធ្វើសង្គ្រាម​ ដើម្បី​លទ្ធិសាសនាម៉ាកនិយម (Marxism) ខណៈដែលរដ្ឋាភិបាល ជាប់ដៃប្រយុទ្ធ​ជាមួយនឹងក្រុមបដិវត្តន៍ ដើម្បីស្ថិរភាព និង​ស្ដារសន្ដិភាព។ ក្រុមយោធាបានប្រយុទ្ធ ដើម្បីការពារសន្ដិភាព ចំណែក្រុមបដិវត្តន៍បានប្រយុទ្ធ ដើម្បីលុបបំបាត់ភាពពុករលួយ និង​គ្រឿងញៀន។

០៦-ប្រទេសវៀតណាម

ក្រោយពី​ប្រទេសបារាំង បានដកអាណានិគមចេញពីប្រទេសវៀតណាមនៅក្នុង១៩៥០, ប្រទេសនេះ បានបំបែកជា​ពីរបក្ខ ដោយម្ខាងបង្កើតបានជារដ្ឋាភិបាលកុម្មុយនិស្ដ ដែល​ទទួលស្គាល់ដោយ​សហភាពសូវៀត និងចិន មានមូលដ្ឋាននៅក្នុងទីក្រុង​ហាណូយ (ហៅថាវៀតណាមខាងជើង) និង​មួយផ្នែកទៀត​ដែលជាសំណល់ពីបារាំង បានបង្កើតជា​រដ្ឋាភិបាល​ នៅក្នុងទីក្រុងសៃហ្កន (ហៅថាវៀតណាមខាងត្បូង) ដែលគាំទ្រដោយ​សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ នៅឆ្នាំ១៩៥៥ ប្រទេសនេះ បាន​កើតមានសង្គ្រាម​គ្នាឯង។ សង្គ្រាមស៊ីវិលបានអូសបន្លាយពេលជាង ២០ឆ្នាំ និងបានបន្តកើតចេញជាសង្គ្រាមត្រជាក់ នៅក្រោយពេល​អាមេរិក ​បានលួកដៃចូលរួមនៅក្នុង​សង្គ្រាម​ស៊ីវិល។

សង្គ្រាមត្រជាក់នៅក្នុងប្រទេសវៀតណាម ត្រូវបានគេចាត់ទុកជា​បទឧក្រិដ្ឋកម្មសង្គ្រាម​ ដែលបង្កឡើងដោយភាគីវៀតណាមទាំងសងខាង និង​អាមេរិក។ បើទោះបីជា​អាមេរិក បានលូកដៃចូលរួមខាងរដ្ឋាភិបាលសៃហ្កនក្ដី ប៉ុន្តែ​មិនអាចយក​ឈ្នះ​ខាង​រដ្ឋាភិបាល​ហាណូយឡើយ។ ​ប្រទេសវៀតណាម​ បានក្លាយជាប្រទេសកុម្មុយនិស្ដ ចាប់តាំងពី​រដ្ឋាភិបាលសៃហ្កនដួលរំលំ ចំណែកមនុស្សជាង ៣លាននាក់បានស្លាប់ ​ដោយសារភ្លៀង​សង្គ្រាមគ្នា​ឯងនេះ។

០៧- ប្រទេសសូម៉ាលី

ប្រសិនបើលោកអ្នកបានទស្សនា ភាពយន្តរឿង Black Hawk Down នោះអ្នកនឹងបាន​ឃើញទិដ្ឋភាព នៃសង្គ្រាមនៅក្នុងប្រទេសស៊ូម៉ាលី ព្រោះសាច់រឿងមួយនេះ​ បានបង្ហាញពីទិដ្ឋាភាពពិតៗ។ សង្គ្រាមស៊ីវិលជាច្រើន បានកើតឡើងនៅក្នុងប្រទេសមួយនេះ ជាពិសេស គឺនៅចន្លោះឆ្នាំ ១៩៩១ និង២០០៦ រវាង​ក្រុមស្ដេចសង្គ្រាម​នានា នៅក្នុង​ប្រទេស បាន​បង្ក​នូវភាពភ័យខ្លាច ដល់​ប្រជាពលរដ្ឋ បើទោះបីជា​មានការអន្តរគមន៍ ពីសំណាក់​លោក​ខាងលិចក្ដី។ មកដល់សព្វថ្ងៃនេះ ជម្លោះនៅ​ក្នុងប្រទេសនៅតែកើតមាន រវាងក្រុមពួកជ្រុល​និយម និងរដ្ឋាភិបាល។

០៨- ប្រទេសកុងហ្គោ (Congo)

ជាប្រទេសមួយនៅក្នុងតំបន់អាហ្វ្រិក ដែលទទួលរងដោយសារភ្លើងសង្គ្រាម​​ដ៏រ៉ាំរ៉ៃ និងជាអំពើ​​ប្រល័យពូជសាសន៍​ ដោយសារពួក Rwandan។ សង្គ្រាមនៅក្នុងប្រទេស និង​មានការឈ្លានពានពីក្រៅប្រទេស បានសម្លាប់ជនជាតិកុងហ្គោរាប់លាននាក់ ជាពិសេសគឺ​បាន​បំផ្លិចបំផ្លាញ ធនធានធម្មជាតិ​អស់ជាច្រើន។ នៅចន្លោះឆ្នាំ១៩៩៩ និង​២០០២ មានជនជាតិកុងហ្គោ ២,៥លាននាក់​ត្រូវបានស្លាប់នៅក្នុងភ្លើងសង្គ្រាម។ កងទ័ពព្រៃ​ដែលដឹកនាំដោយមេកន្ទ្រាញ នាំឲ្យ​មានភាពវឹកវរ និងភ័យរន្ធត់​ដល់ពលរដ្ឋកុងហ្គោ ព្រោះមាន​មនុស្សជាច្រើន ត្រូវបានកាប់សម្លាប់ ចំណែកក្មេងៗត្រូវបានចាប់ធ្វើជាទាហាន។

០៩-ប្រទេសស៊ូដង់

ប្រទេសស៊ូដង់ បានធ្លាក់នៅក្នុងភ្លើងសង្គ្រាមស៊ីវិលអស់រយៈពេលជាង៦០ឆ្នាំ។ សង្គ្រាមស៊ីវិល ដែលកើតឡើងសម្រាប់ប្រទេសមួយនេះដំបូង គឺសង្គ្រាមរវាង​ក្រុមអ្នកកាន់សាសនាអ៉ីស្លាម​ខាងជើង និង​ក្រុម​អ្នកកាន់សាសន៍គ្រឹស្ត ព្រមទាំងសង្គ្រាមជាមួយនឹងកុលសម្ព័ន្ធ​ខាងត្បូង នៅចន្លោះឆ្នាំ១៩៥៥ ដល់​១៩៧២។ បន្ទាប់មកទៀត ក៏កើតមាន​សង្គ្រាម​សាសនា និង​ប្រេង ខណៈដែលសង្គ្រាម​ដំបូងមិនទាន់ត្រូវបានបញ្ចប់ ដោយបទ​ឈប់បាញ់គ្នាផងនោះ។ ភាពតានតឹងនៅតែបន្ត កើតមានរហូតបង្កជាសង្គ្រាមស៊ីវិល ថ្មីមួយទៀត បានផ្ទុះឡើង​នៅឆ្នាំ១៩៨២ ដល់ឆ្នាំ២០០៥។ ជម្លោះនៅស៊ូដង់ បានបំផ្លិចបំផ្លាញ ប្រទេសយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រវត្តិសាស្ត្រ​អាហ្វ្រិក រហូតដល់នៅឆ្នាំ២០១១ ប្រទេសស៊ូដង់ខាងត្បូង​បានបំបែកចេញ និង​ទទួលបាន​​រដ្ឋាភិបាលឯករាជ្យ។ គ្រប់យ៉ាងមិនទាន់​បញ្ចប់នោះទេ នៅឆ្នាំ២០១៣ ប្រទេសមួយនេះ បានកើតមានភ្លើងសង្គ្រាមស៊ីវិលម្ដងទៀត និងបានអូសបន្លាយរហូតមកដល់សព្វថ្ងៃ។

១០-ប្រទេសសៀរ៉ា ឡេអូន (Sierra Leone)

ជាប្រទេសមួយជួបនឹងសង្គ្រាមស៊ីវិលអស់រយៈពេល១១ឆ្នាំ ដោយសារការធ្វើរដ្ឋប្រហារយោធាជាច្រើនដង។ សង្គ្រាមនេះ បានសម្លាប់មនុស្សប្រមាណជាង ៥៥,០០០នាក់ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ឬអាចលើសពីនេះ ប្រសិនបើគ្មានអន្តរាគមន៍​ពីអង់គ្លេស និង​អាមេរិក។ បើទោះបីជាប្រទេសមួយនេះ បានទទួល​សន្ដិភាព​តាំងពីឆ្នាំ ២០០២ រហូតមកក្ដី ក៏ប្រទេសក្នុងតំបន់​អាហ្វ្រិកមួយនេះ នៅតែមិនទាន់​​​មាន​ការអភិវឌ្ឍន៍ច្រើននោះទេ ម្យ៉ាងទៀត​ឲ្យតែរំលឹកដល់រឿងសង្គ្រាម ពលរដ្ឋនៃប្រទេសនេះ បានបង្ហូរទឹកភ្នែកដោយមិនដឹងខ្លួន៕