(ព្រះវិហារ)៖ ទេសរដ្ឋមន្ត្រី កិត្តិនិតិកោសលបណ្ឌិត ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេវរកម្ម នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយចែកជូនកងទ័ព ក្នុងអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ សមូរភូមិមុខទិសទី១ ប្រាសាទព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីបញ្ជាការស្រាល១ខ្នង នៅទិសមុំ៣ ដែលសាងសង់អស់ថវិកា៤មុឺនដុល្លារ។
លោកទេសរដ្ឋមន្ត្រី ឱម យុិនទៀង បានថ្លែងថា ក្រៅពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រៅពីក្រសួងស្ថាប័នផ្សេងៗ យើងឃើញថាទឹកចិត្ត មនោសញ្ចេតនាការគិតគូរ ការរួមចំណែករបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត មាននៅក្នុងបេះដូងកងទ័ពរបស់យើង ព្រោះមួយម៉ាត់ណាក៏បានបញ្ជាក់ ការវាយតម្លៃខ្ពស់ ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេក្ខជនដែលយើងទាំងអស់គ្នា បានគាំទ្រយ៉ាងប្តូរផ្តាច់ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ក្នុងនាមអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមលេខាធិការដ្ឋាប្រឆាំងភេវរកម្ម លោកទេសរដ្ឋមន្ត្រី ឱម យុិនទៀង បានថ្លែងនូវការអរគុណ និងដឹងគុណមិនភ្លេចជាដាច់ខាត ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ជាទីគោរព ជាទីស្រឡាញ់ នៃអង្គភាពកងពលធំអន្តរាគមន៍លេខ៣ ដែលបានឈរជើងនៅទីនេះ បង្កើតស្នាដៃនៅទីនេះ សម្រាប់ពេលនេះ និងសម្រាប់ពេលអនាគត។
លោកថា កេរ្តិ៍ឈ្មោះកងពលធំអន្តរាគមន៍លេខ៣ ក៏ដូចកេរ្តិ៍ឈ្មោះលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មិនត្រឹមតែមាននៅក្នុងបេះដូងកម្ពុជាទេ ពិសេសប្រទេសជិតខាងមួយចំនួន ក៏គេទទួលស្គាល់ថា ជាឆ្អឹងខ្នងមួយសំខាន់របស់ប្រទេសយើង មិនអាចគេមើលស្រាលបានទេ។
លោកទេសរដ្ឋមន្ត្រី ឱម យុិនទៀង បានថ្លែងនូវការប្តេជ្ញាចិត្តជាមួយកងទ័ពកងពលធំអន្តរាគមន៍លេខ៣ បន្តស្មោះត្រង់ឥតងាករេ និងអស់មួយជីវិតចំពោះសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
លោកទេសរដ្ឋមន្ត្រី បាននាំនូវថវិកាចំនួន២៥,០០០ដុល្លា ជូនកងពលសម្រាប់ទិញអំពូលសូឡា ចំនួន១០០ដើម និងថវិកាជូនមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ក៏ដូចសម្ភារមួយចំនួន និងបានលេងល្បែងប្រជាប្រិយខ្មែ រាំលេងកម្សាន្ដ ពិសារអាហារសាមគ្គីដោយភាពស្និទស្នាលសប្បាយរីករាយ៕