(ត្បូងឃ្មុំ)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការគណបក្សកណ្តាល អនុប្រធានគណៈកម្មការធិការគណបក្សរាជធានី និងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានដឹកនាំយុវជនគណបក្សរាជធានី ប្រមាណជាង៥០០នាក់ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដែលជាកន្លែងតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរឆ្ពោះទៅការផ្តួលរំលំរបបបនប្រល័យពូជសាសន៍ ប៉ុល-ពត កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រំដែនកម្ពុជា-វៀតណាម។

ក្នុងដំណើរទស្សនកិច្ចនោះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការទំនាក់ទំនងកិច្ចការសាធារណៈ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញ អំពីដំណើរនៃការតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន ជូនដល់ប្រតិភូ និងយុវជនគណបក្សរាជធានី ឲ្យបានយល់ជ្រួតជ្រាប អំពីទីតាំងដែលសម្ដេចបានគិតទុក និងធ្វើដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានបញ្ជាក់ប្រាប់យុវជនទាំងអស់ថា បើគ្មានការសម្រេចចិត្តត្រឹមត្រូវ ក្នុងការចាប់ផ្ដើម នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ នាពេលនោះទេ ក៏គ្មានអ្វីៗនៅពេលបច្ចុប្បន្ននេះដែរ។

ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានគូសបញ្ជាក់ដល់យុវជនថា ការរៀបរាប់អំពីប្រវត្តិពិត នៃសម្ដេចតេជោ ហ៊ុន សែន នៅទីនេះ គឺក្នុងបំណងឲ្យយុវជនជំនាន់ក្រោយ បានស្គាល់ បានដឹង បានឃើញថា តើនរណាជាវីរជន ពិតប្រាកដ កុំឲ្យចាញ់បោកក្រុមដែលមានគំនិតទុច្ចរិត ដែលតែងតែប្រឌិតប្រវត្តិសាស្រ្ត ដើម្បីគេងចំណេញនយោបាយ បម្រើឲ្យតែបក្សពួកខ្លួនដោយមិនគិតអំពីបុណ្យបាប។

លោកបានបន្តថា វីរភាពអង់អាចខ្លាហានមិនខ្លាចស្លាប់ របស់សមមិត្ត ហ៊ុន សែន និងឥស្សជនស្នេហាជាតិ ជាច្រើនរូប ហ៊ានប្រថុយជីវិតធ្វើជាដើមទុន ដើម្បីចូលទៅសុំជំនួយពីកងទ័ពវៀតណាម ដើម្បីមកជួយរំដោះប្រទេសកម្ពុជា ឲ្យរួចផុតពីរបបវាលពិឃាតខ្មៅងងឹត យុងខ្នង នៃបនប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងឆ្នាំ១៩៧៩ ហើយបានដឹកនាំប្រទេសកម្ពុជាមកដល់បច្ចុប្បន្នមានសន្តិភាព ស្ថេរភាព សុវត្ថិភាព មានការអភិវឌ្ឍ រីកចម្រើន រុងរឿង ប្រកបដោយនិរន្តរភាពមកដល់បច្ចុប្បន្ននេះ (ដឹងគុណសម្តេចតេជោ ហ៊ុន សែន ជានិច្ច)។

លោក នួន ផារ័ត្ន បានអំពាវនាវដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ចូលរួមគ្នាថែរក្សាសន្តិភាព (អរគុណសន្តិភាព) ព្រោះសន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋ ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនឆាប់រហ័ស។

ទាំងលោក នួន ផារ័ត្ន និងលោកឧត្តមសេនីយ៍ត្រី អេង ហ៉ី បានប្ដេជ្ញាចិត្តថា នឹងយកគំរូវីរភាពខាងលើនេះ មកបន្តអនុវត្តដើម្បីបម្រើជាតិមាតុភូមិ ព្រោះថាការលះបង់របស់ សម្ដេចតេជោ គឺជាវីរគំរូមួយដែលយុវជនជំនាន់ក្រោយ មិនអាចបំភ្លេចបាន និងគោរពដឹងគុណជានិច្ចនិរន្តរ៍។

សូមជម្រាបជូនថា យុវជនដែលបានចូលរួមប្រមាណជាង ៥០០នាក់ បានសិក្សារៀនសូត្រ និងស្វែងយល់អំពីសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមានតម្លៃមហាសាល មិនអាចកាត់ថ្លៃបាន នៃការចាប់ផ្ដើមតស៊ូឆ្ពោះទៅរកការសង្គ្រោះជាតិ និងប្រជាជន ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់ សម្ដេចតេជោ ហ៊ុន សែន មហាវីរបុរសជាតិ និងជាបិតាសន្តិភាព ដែលបានបញ្ចប់សង្គ្រាមដ៏រាំរ៉ៃនៅកម្ពុជា មិនធ្លាប់មានក្នុងរយៈពេល ៥០០ឆ្នាំ និងបានទទួលស្គាល់ថា សម្ដេចតេជោ ហ៊ុន សែន ពិតជាបិតាស្ថាបនិកនៃកម្ពុជាសម័យទំនើប និងប្តេជ្ញាគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕