(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរ មហាសង្រ្កាន្តឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ចំនួនប្រមាណជាង១,២០០នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ក្នុងបរិយាកាសជួបជុំប្រកបដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះប្រជាពលរដ្ឋខែ្មររស់សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលតែងបានគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្រ្តី ព្រមទាំងបានកោតសរសើរចំពោះទឹកចិត្តសប្បុរស ក្នុងការចូលរួមចំណែកបំពេញកិច្ចការមនុស្សធម៌នានា រួមមានជាអាទិ៍៖ ការជួយឧបត្ថម្ភជនដល់រងគ្រោះក្នុងវិបត្តិនៃជំងឺកូវីដ-១៩, គ្រួសាររងផលប៉ះពាល់ដោយសារទឹកជំនន់, គ្រួសារមានជីវភាពលំបាកខ្វះខាត, មន្ទីរពេទ្យគន្ធបុប្ផា និងការផ្តល់អំណោយជាអណ្តូងទឹកនៅតាមសហគមន៍ជនបទ ជាដើម។
កត្តាទាំងនេះ គឺពិតជាបានបង្ហាញអំពីភាពខ្លាំងក្លា នៃកម្លាំងមហាសាមគ្គីប្រជាជាតិខ្មែរ តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នករស់នៅក្រៅប្រទេស និងអ្នករស់នៅក្នុងប្រទេស ក្រោមស្មារតីខ្មែរតែមួយ ដែលតែងជួយយកអាសារគ្នាទៅវិញទៅមក ហើយកម្លាំងសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅបន្តឋិតឋេរក្រោមបរិយាកាសសុខសន្តិភាពដែល សម្តេចតេជោ បេ្តជ្ញាការពារថែរក្សាឲ្យគង់វង្សយូរអង្វែងគ្រប់ជំនាន់តរៀងទៅ។
លោកបណ្ឌិត បានបន្ដទៀតថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេស តែងប្រកាន់ខ្ជាប់នូវគោលការណ៍សាមញ្ញ៤យ៉ាង រួមមាន៖
*ទី១៖ ការប្រកាន់សច្ចៈធម៌ ដោយផ្សព្វផ្សាយតែអំពីការពិតដែលបានកើតមានឡើង នៅក្នុងដំណើរការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា
*ទី២៖ ការប្រកាន់នូវធម៌អហិង្សា ក្នុងការឆ្លើយតបទៅនឹងសកម្មបំពាននានា
*ទី៣៖ ការប្រកាន់ខ្ជាប់នូវស្មារតីគ្រួសារខ្មែរតែមួយ ដោយឈរលើមូលដ្ឋានស្រលាញ់រាប់អានគ្នាជាបងប្អូន ហើយសម្តេចតេជោ ដែលជាថ្នាក់ដឹកនាំ ក៏បានប្រកាន់យកនូវស្មារតីនេះ ដើម្បីបង្រួបបង្រួមជាតិ និងនាំមកនូវសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស ដែលមិនធ្លាប់កើតមានទ្បើយក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំរបស់កម្ពុជា
*ទី៤៖ ការយកអស់កម្លាំងកាយចិត្តជួយផ្សាភ្ជាប់នូវទំនាក់ទំនងរវាងបងប្អូនខ្មែររស់នៅក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នា ឲ្យមានការផ្លាស់ប្តូរបទពិសោធន៍ខាងផ្នែកសិល្បៈ វប្បធម៌ និងកីទ្បា ព្រមទាំងសកម្មភាពសង្គម និងសប្បុរសធម៌នានា។ សកម្មភាពទាំងអស់នេះហើយ ដែលធ្វើឲ្យក្រុមការងារទទួលបានការគោរពស្រលាញ់ និងភាពកក់ក្តៅពីសំណាក់បងប្អូនពលរដ្ឋដែលរស់នៅក្រៅប្រទេសគ្រប់មជ្ឈដ្ឋានរហូតមក។
ជាចុងក្រោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចំពោះសមិទ្ធផលការងារទាំងឡាយ ដែលសម្រេចបានរួមគ្នាក្នុងរយៈកាលកន្លងមកនេះ ដែលជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការបន្តបុព្វហេតុបម្រើជាតិមាតុភូមិរបស់គណបក្សប្រជាជនកម្ពុជា៕