(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែក បានលើកឡើងថា ក្រោយពីប្រទេសជាតិរួចបំផុតពីសង្គ្រាមមក រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកសាង អភិវឌ្ឍន៍ ប្រទេសជាតិរីកចម្រើនគ្រប់វិស័យ មិនថាជនបទ និងទីក្រុងនោះទេ ហើយជំនឿសាសនារបស់ប្រជាពលរដ្ឋត្រូវបានគោរព ដោយពលរដ្ឋមានសិទ្ធិសេរីភាព គោរព ប្រណិបតន៍ដែលខ្លួនស្រឡាញ់ពេញចិត្ត។
លោក កែវ ពិសិដ្ឋ បានថ្លែងបែបនេះ ក្នុងឱកាសជួបសំណោះសំណាល និងចូលរួមពិធីស្រាយបួស ខែរ៉ាម៉ាឌន ជាមួយខ្មែរឥស្លាមនៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ នៅវិហារក្នុងភូមិថ្មី ឃុំពពេល។
លោក កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងក្នុងអំឡុងពេល នៃសង្គ្រាមជាបន្តបន្ទាប់ ជំនឿសាសនាពិសេសសាសនាឥស្លាម ត្រូវបានលុបបំបាត់ទាំងស្រុង។ ប៉ុន្តែចាប់ពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋមក សាសនានិងសេរីភាពបានប្រគល់ជូនពលរដ្ឋវិញ។
លោកបន្ដថា រាជរដ្ឋាភិបាលតែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួល ដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាតចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា។ សុខដុមនីយកម្មសាសនាធ្វើឲ្យពលរដ្ឋខ្មែរ និងខ្មែរឥស្លាម និងសាសនាដទៃទៀត រស់នៅជាមួយគ្នាប្រកបដោយសុខសាន្តក្រោមដំបូលសន្តិភាពតែមួយ។
លោកបញ្ជាក់ថា អ្វីៗដែលមាននាពេលបច្ចប្បន្ននេះ ដោយសារ កត្តាសុខសន្តិភាព ដូច្នោះហើយយើងត្រូវរួមសាមគ្គីភាព គ្នាថែរក្សាសុខសន្តិភាពដើម្បីទទួលបានការអភិវឌ្ឍ និងធានាដល់ជំនឿសាសនារបស់ពលរដ្ឋ បន្តទៀត។ លោកបានសាទរនូវសមិទ្ធផលថ្មីៗទាំងអស់ក្នុងពេលនេះ គឺកើតចេញពីកត្តា សុខសន្តិភាពពោលគឺ ផឹកទឹកកុំភ្លេចប្រភព ជ្រកម្លប់កុំភ្លេចអ្នកដាំ។
លោក កែវ ពិសិដ្ឋ បានផ្តាំផ្ញើដល់សាសនិកឥស្លាម ទាំងអស់ សូមកុំឲ្យលង់ជឿតាមការញុះញង់របស់ជន អគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែរយើងមានសង្គ្រាម។ លោកបាន អំពាវនាវដល់ពលរដ្ឋត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលបច្ចប្បន្ន ដោយបន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្តទៀត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងគាំទ្របេក្ខភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។
ក្នុងឱកាសនោះ លោក កែវ ពិសិដ្ឋ បានឧបត្ថម្ភដល់វិហារ ចំនួន៣ ដោយក្នុងមួយវិហារទទួលបាន ថវិកា៨០ម៉ឺនរៀល ទូរទស្សន៍ DTV មួយឈុត ទឹកក្រូច៥កេស ទឹកបរិសុទ្ធ១០កេស មី៥កេស ទឹកដោះគោ២០កំប៉ុង ស្ករសរ២០ស្ករសរគីឡូក្រាម កាហ្វេ៥កញ្ចប់ និង តែ៥កញ្ចប់ធំ។
ឧបត្ថម្ភសារ៉ាវចំនួន៧កន្លែង ដោយក្នុងមួយសារ៉ាវ ទទួលបានថវិកា ៤០ម៉ឺនរៀល ទឹកក្រូច៣កេស, ទឹកបរិសុទ្ធ៥កេស, មី៣កេស ទឹកដោះគោ១០កំប៉ុង ស្ករសរ១០គីឡូក្រាម កាហ្វេ៣កញ្ចប់ធំ តែ៣កញ្ចប់ធំ។ ឧបត្ថម្ភភូមិចំនួន១០ ក្នុងមួយភូមិ៥០ម៉ឺនរៀល សរុបថវិកាប្រមាណជាង២៣លានរៀល៕