(កំពង់ធំ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមសម្ពោធ និងកាត់ឬសសីមាព្រះវិហារ វត្តពោធិដំណាក់ ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះលោកបានចាត់ទុកសមិទ្ធផលនានា និងព្រះវិហារធំស្កឹមស្កៃ ស្ថិតក្នុងវត្តពោធិដំណាក់ប្រារព្ធពិធីកាត់ខ្សែបូសម្ពោធឆ្លង និងកាត់ឬសសីមានាពេលនេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
លោកបានលើកឡើងថា សមិទ្ធផលនានាកើតឡើងដោយសារតែ ការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ និងជាការឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿយ៉ាងខ្ជាប់ខ្ជួន និងការគោរពប្រតិបត្តិដ៏ប្រពៃ ចំពោះព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា ហើយបានបង្ហាញនូវការគាំទ្ររបស់បងប្អូន ចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។
ការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លង និងកាត់ឬសសីមាព្រះវិហារ វត្តពោធិដំណាក់ ស្ថិតនៅភូមិចំណាក់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំនៅថ្ងៃទី៨ខែមេសាឆ្នាំ២០២៣នេះ។
លោក ជា ចាន់តូ បានលើកឡើងថា រាល់សមិទ្ធផលដែលបានកសាង និងសមិទ្ធផលនានា កើតមានក្នុងវត្តវត្តពោធិដំណាក់អាស្រ័យមានសម្ដេចប្រមុខដឹកនាំល្អដូចជា សម្ដេចទាំង២មានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចទាំងពីរតែងតែគិតគូរ ពីសុខទុក្ខប្រជាជនជានិច្ច។
លោក ជា ចាន់តូ បានបន្តថា រាជរដ្ខាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាក ក្នុងជីវភាពរបស់ប្រជាជន ពិសេសនៅតំបន់ជនបទ សំដៅសម្រេចកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ព្រមទាំងបានខិតខំកសាងសមិទ្ធផលជាច្រើន ទាំងក្នុងវិស័យអាណចក្រ និងពុទ្ធចក្រ។
លោកទេសាភិបាលបានថ្លែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកផ្ដល់វិភាគទានដល់ការកសាងសមិទ្ធផល ក្នុងវត្តពោធិដំណាក់ឲ្យចេញជារូបរាងឡើង តាមគន្លងព្រះពុទ្ធសាសនា។ សកម្មភាពទាំងនេះជាកុសលធំដូចពុទ្ធភាសិតមួយបានពោលថា «សុខោ បុញ្ញស្ស ឧច្ចយោ» មានន័យថា ការសន្សំបុណ្យជាហេតុនាំមកនូវសេចក្តីសុខ។
ក្នុងឱកាសនោះលោក ជា ចាន់តូ បានឧបត្ថមថវិកាចំនួន១០លានរៀល ដើម្បីចូលរួមចំណែកក្នុងវិស័យមួយនេះក្នុងនោះ៖
* វត្តដំណាក់៤០លានរៀល។
* វត្តព្រះនង្គល១០លានរៀល
* វត្តស្រីរងិត ១០លានរៀល
* វត្តស្វាយអៀ ១០លានរៀល
* វត្តគ្នំជីមូស ១០លានរៀល និងបានចែកជូន ដល់យាយជី តាជី ២០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា២ម៉ឺនរៀល សិស្សានុសិស្ស២០០នាក់ម្នាក់ៗទទួលបាន សៀវភៅ បិច ខ្មៅដៃ ថវិកា១មឺនរៀលនិងប្រជាពលរដ្ឋ ទទួលបានសារុង១៕