(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីមានករណីបាញ់សម្លាប់លោកបណ្ឌិត​ កែម ឡី អ្នកវិភាគឯករាជ្យមួយរូបនៅវេលាម៉ោងប្រមាណ៩៖៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ, គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ប្រកាសថ្កោលទោសករណីឃាតកម្មនេះ។

គណបក្សសង្គ្រោះជាតិ បានបញ្ជាក់នៅសេចក្តីថ្លែងការណ៍ថា៖ ការបាត់បង់លោកបណ្ឌិត កែម ឡី គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបរបស់ប្រទេសជាតិ។ លោកបណ្ឌិត កែម ឡី គឺជាអ្នកវិភាគឯករាជ្យ ដែលបានផ្តល់នូវអនុសាសន៍ដ៏មានន័យជាច្រើន សម្រាប់ការអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា និងការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយសមធម៌»។

គណបក្សសង្គ្រោះជាតិ ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតប្រកបដោយឯករាជ្យ ចា​ប់ខ្លួនឃាតកពិតប្រាកដមកផ្តន្ទាទោសតាមច្បាប់ ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារជនរងគ្រោះ៕