(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរ និងជូនពរជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងា «សម្ដេចកិត្តិសង្គហបណ្ឌិត»។
នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ សម្តេចតេជោ បានមានប្រសាសន៍ថា ភរិយាខ្ញុំ និងរូបខ្ញុំ មានសេចក្តីរីករាយជាអនេកប្បការដែលលោកជំទាវ ត្រូវបានព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា សម្ដេចកិត្តិសង្គហបណ្ឌិត គឺជាឥស្សរជនមួយរូប ដែលបានធ្វើពលិកម្មដ៏ធំធេងក្នុងការចូលរួមតស៊ូ រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ និងទទួលបានជ័យជំនះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចបានខិតខំប្រឹងប្រែងកសាងប្រព័ន្ធច្បាប់ និងផ្សព្វផ្សាយច្បាប់ ពង្រឹងអភិបាលកិច្ចល្អ ការពារលទ្ធិប្រជាធិបតេយ្យ ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសិទ្ធិរបស់ប្រជាពលរដ្ឋ លើកស្ទួយសិទ្ធិនារីការពារអត្តសញ្ញាណជាតិ ព្រះពុទ្ធសាសនា និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ នាពេលកន្លងមក សម្តេចតែងតែចូលរួមដោះស្រាយរាល់បញ្ហាជាមួយរាជរដ្ឋាភិបាល រហូតទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទកភាព។
ក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ សម្តេចតេជោ ហ៊ុន សែន សូមជូនពរសម្ដេចកិត្តិសង្គហបណ្ឌិត និងកូនប្រុស កូនស្រីប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងសូមសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ចបម្រើជាតិ និងមាតុភូមិ៕