(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ទៀតហើយ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយរថយន្ត CRV បុកជាមួយរថយន្ត ហ៉ីយ៉ាន់ដាយ លាន់ដូចរន្ទះបណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់២នាក់ គួរឲ្យអាសូរយ៉ាងពន់ពេក។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងវេលាម៉ោង០១៖៣០នាទីយប់ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិថ្លា ឃុំច្រនាង ស្រុកបារាយណ៍។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារ រថយន្តម៉ាក CRV ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Z-4663 បើកបរដោយឈ្មោះ អៀម ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃទទឹង ឃុំព្រះនិពាន្ធ ស្រុកកោះសែន ខេត្តកំពង់ស្ពឺ បុករថយន្តហ៉ីយ៉ាន់ដាយ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
ដោយឡែកអ្នករួមដំណើរ៣នាក់ទៀត៖ ឈ្មោះ ស្រីន ភេទប្រុស អាយុ៣៨ឆ្នាំ នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ), ឈ្មោះ គាង ហេង ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិកោះសែន ឃុំកោះសូទិន ស្រុកជើងព្រៃ ខេត្តកំពង់ចាម (របួសធ្ងន់) និងឈ្មោះ លំអិត ភេទប្រុស អាយុ២៣ឆ្នាំ នៅរាជធានីភ្នំពេញ (របួសធ្ងន់) ។
សម្រាប់អ្នកបើករថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 3C-7946 មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) និងអ្នករួមដំណើរជាមួយ ឈ្មោះ ប៊ុន លី ភេទប្រុស អាយុ៣៨ឆ្នាំ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្រុងភ្នំពេញ (ស្លាប់នៅមន្ទីពេទ្យ)។
បើតាមមន្រ្តីនគរបាល មូលហេតុនេះ ដោយសារតែ អ្នកបើកបររថយន្ត CRV បើកបរក្នុងស្ថានភាពស្រវឹងមានល្បឿនលឿន ហើយទៅបុករថយន្តហ៉ីយ៉ាន់ដាយ៕