(កណ្តាល)៖ បើតាមការបញ្ជាក់របស់ម្ចាស់ឃ្លាំងស្តុកអេតចាយ ដែលត្រូវអគ្គិភ័យឆាបឆេះ ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី១០ ខែកក្កដានេះ ទំហំនៃការខូចខាតទ្រព្យសម្បត្តិរបស់គាត់ មានប្រហែល២០ម៉ឺនដុល្លារ។

ស្ត្រីជាម្ចាស់ឃ្លាំងលក់អេតចាយខាងលើ បានប្រាប់ឲ្យដឹងទៀតថា គ្រាន់តែជ័រដែលបានកិនសម្រេច ដើម្បីដឹកចេញទៅលក់បន្តនោះ មានប្រហែល៣០០តោន ដោយក្នុង១តោនមានតម្លៃពី៣០០ដុល្លារ ដល់៥០០ដុល្លារអាមេរិក រួមទាំងសម្ភារផ្សេងទៀត ដែលសរុបទំហំខូចខាតប្រហែល ២០ម៉ឺនដុល្លារ។  

សូមជម្រាបថា ឃ្លាំងស្រុកអេតចាយខាងលើនេះ បានឆេះនៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ រហូតដល់ម៉ោង១២៖៣០នាទីយប់ចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អគ្គិភ័យដែលបានឆេះឃ្លាំងស្តុកអេតចាយ ត្រូវបានបាញ់ឲ្យរលត់១០០ភាគរយ បន្ទាប់ពីឆាបឆេះអស់ជាច្រើនម៉ោង។

នគរបាលពន្លត់អគ្គិភ័យ នៃស្នងការនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងនគរបាលបានប្រើរថយន្តចំនួន៩គ្រឿង រថយន្តស្នងការខេត្តកណ្តាលចំនួន៥គ្រឿង, រថយន្តកងអង្គរក្សសម្តេចតេជោចំនួន២គ្រឿង, រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនកម្ពុជាផាវវ័រ ដោយក្នុង១រថយន្តយើងប្រើទឹកមិនតិចជាង១០ជើង ។

មន្រ្តីជាន់ខ្ពស់អគ្គិសនីកម្ពុជា បានថ្លែងបញ្ជាក់ប្រាប់ឲ្យដឹងថា ខ្សែបញ្ជូនចរន្តអគ្គិសនីកម្លាំងមធ្យម (កម្លាំង២២) មួយចំនួន ត្រូវបានខូចខាត បន្ទាប់ពីភ្លើងឆេះឃ្លាំងស្តុកអេតចាយ នៅស្រុកស្អាង ខេត្តកណ្តាលនេះ៕