(រតនគិរី)៖ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកអូរជុំ ខេត្តរតនគិរី លោក គៀង តុលា និងសហការី នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខនិងនាំអំណោយមួយចំនួនជូនគ្រួសាររងគ្រោះដោយអគ្គិភ័យនៅឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។
ការនាំអំណោយជួយសង្គ្រោះនេះ គឺដោយឈរលើស្មារតីមនុស្សធម៌ជួយរួមចំណែកទុក្ខលំបាកប្រជាពលរដ្ឋដោយសារអគ្គិភ័យលេបត្របាក់ផ្ទះ១ខ្នង និងខូចខាតទ្រព្យសម្បត្តិមួយចំនួន កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី កន្លងទៅ។
អំណោយមនុស្សធ៌មដែលបានប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យខាងលើ រួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ឃីតចំនួន១(មុង១ ភួយ១ សារុង១ ក្រមា១) សម្ភារៈប្រើប្រាស់មួយចំនួនទៀត និងថវិការបស់រដ្ឋបាលឃុំឯកភាពចំនួន១២៥,០០០រៀល។
បន្ថែមលើនេះ លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុកអូរជុំ បានលើកទឹកចិត្តឲ្យគ្រួសាររងគ្រោះដោយអគ្គិភ័យខាងលើ រក្សាសុខភាពបង្កើនការដាំដុះ កុំបាក់ទឹកចិត្តឲ្យសោះ៕