(ស្វាយរៀង)៖ ពាក្យចាស់មួយតែងបានពោលថា «ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ» ក្រុមយុវជនសមាគមសម្ព័ន្ធប្រជាជនដេីម្បីសន្តិភាព​ដែលមានលោក​ ជិន ប៊ុនធឿន លេខាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានសមាគមសម្ពន្ធប្រជាជនដើម្បីសន្តិភាព បានចាត់តាំងឱ្យលោក កេត រិទ្ធី ប្រធានសមាគមសម្ព័ន្ធប្រជាជនដើមី្បសន្តិភាពសាខាខេត្តស្វាយរៀង​ រួមទាំងក្រុមការងារ​ នាំយកកាដូរអនុស្សាវរីយ៍​ ចុះសាកសួរសុខទុក្ខដល់លោកគ្រូ​ អ្នកគ្រូ​ នៅវិទ្យាល័យស្វាយរៀង​ ប្រមាណ ១៧១នាក់​ រួមទាំងមានពិធីជួបជុំអាហារសាមគ្គីប្រកបដោយភាពរីករាយផងដែរ។

ពិធីនេះ​បានធ្វេីឡេីងនាព្រឹកថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ២០២៣នេះ​ នៅវិទ្យាល័យស្វាយរៀង​ ដោយមានការចូលរួមពី​លោក ចាន់ វិចិត្រ​,​ លោក កុយ សុធារ៉ា,​ រួមទាំងលោក លោកស្រី សមាជិកសមាគម​ និងលោកគ្រូ អ្នកគ្រូ​ ជាច្រេីនរូបផងដែរ។

លេីកឡេីងនាឱកាសនោះ​លោក កេត រិទ្ធី បានឱ្យដឹងថា​ គោលបំណងនៃការរៀបចំជួបជុំនេះ ដើម្បីជាការតបស្នងសងគុណ ដល់លោកគ្រូ អ្នកគ្រូ ដែលលោកតែងតែបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីធ្វើការបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយមិនខ្លាចភាពនឿយហត់ រហូតធ្វើឱ្យសិស្សទាំងអស់ ទទួលបានភាពជោគជ័យ និងមានការងារធ្វើសមប្រកបមួយ និងបានអះអាងថា ដោយសារមានវត្តមានលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានគុណទី២ ទើបធ្វើឱ្យរូបលោកមានថ្ងៃនេះផងដែរ។

បន្ថែមពីនេះលោក កេត រិទ្ធី ក្នុងនាមតំណាងឱ្យមិត្តភក្តិរួមជំនាន់ទាំងអស់ សូមថ្លែងអំណរអរគុណដល់លោកគ្រូ អ្នកដែលបានជួយបង្ហាត់បង្រៀនដល់កូនសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យ និងក្លាយជាទំពាំងស្នងឫស្សី ដែលសង្គមចង់បាន និងបានគោរពជូនពរដល់លោកគ្រូ អ្នកគ្រូ នាឱកាសពិធីចូលឆ្នាំថ្មីប្រណៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ សូមមានសុខភាពល្អ និងបន្តក្លាយជាម្លប់សម្រាប់សិស្សានុសិស្សបន្តទៀតផងដែរ។

បន្ថែមពីលើការផ្តល់ជូននូវកាដូរអនុស្សាវរីយ៍ សម្រាប់លោកគ្រូ អ្នកគ្រូ នាឱកាសនោះក្រុមយុវជនសមាគមសម្ព័ន្ធប្រជាជនដេីម្បីសន្តិភាព ដែលជាអតីតសិស្សនៅវិទ្យាល័យស្វាយរៀងនេះ ក៏បានឧបត្ថម្ភបន្ថែមសម្រាប់លោកគ្រូដែលត្រៀមចូលនិវត្តន៍នូវថវិកា ១,៥០០,០០០រៀលទៀតផងដែរ៕