(ពោធិ៍សាត់)៖ ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយ សម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ឬក្រពើត្រី ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុបចន្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ ចំណែកនៅលើពិភពលោកចំនួនសត្វក្រពើភ្នំ ដែលស្ថិតក្នុងវ័យអាចបន្តពូជបានមានប្រមាណមិនលើសពី ១,០០០ក្បាលឡើយ។
ជុំវិញការបង្កើនចំនួនប្រជាជនក្រពើភ្នំ ឬក្រពើត្រី ឱ្យមានចំនួនច្រើនឡើងវិញនោះ លោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោក នៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន មានអង្គការ រួមនឹងក្រុមហ៊ុនចំនួន៤ កំពុងសិក្សា ក៏ដូចជាអភិរក្សទៅលើសត្វក្រពើភ្នំ ដែលជាប្រភេទសត្វជិតផុតពូជបំផុតលើពិភពលោក និងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដើម្បីពន្លែងទៅក្នុងតំបន់ព្រៃធម្មជាតិ
លោក លូ វន្នី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារសត្វក្រពើភ្នំឡើងវិញ ពីព្រោះថា នៅលើពិភពលោក យើងនេះ មានសត្វក្រពើភ្នំតែជាង១ពាន់ក្បាលប៉ុណ្ណោះ ហើយក្នុងចំណោមនោះ ប្រទេសកម្ពុជា មានសត្វក្រពើភ្នំប្រមាណជាង៤០០ក្បាល។
ប្រធានកម្មវិធីអភិរក្សដីគោក នៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) ប្រចាំប្រទេសកម្ពុជារូបនេះ បញ្ជាក់យ៉ាងដូច្នេះថា «អង្គការ FFI កំពុងធ្វើការបង្កាត់ពូជ មុនពេលលែងវាចូលទៅក្នុងតំបន់ព្រៃធម្មជាតិវិញ»។
បន្ថែមពីនេះ អ្នកមន្ត្រីអង្គការផ្នែកអភិរក្សសត្វក្រពើភ្នំរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ន អង្គការរបស់លោក មានមជ្ឈមណ្ឌលបង្កាត់ពូជមួយកន្លែង នៅសួនសត្វភ្នំតាម៉ៅ ដែលមានសត្វក្រពើភ្នំ កំពុងបង្កាត់ និងចិញ្ចឹមថែរក្សាចំនួន១០៨ក្បាល ក្នុងនោះ មានក្រពើភ្នំដែលកំពុងពងកូនចំនួន៥សំបុក មានស៊ុតសរុប ចំនួន ១២៣គ្រាប់ និងកំពុងត្រូវបានដាក់ក្នុងទូភ្ញាស់។
ដោយឡែកសម្រាប់ចំនួនតួលេខព្រលែងកូនក្រពើទៅក្នុងធម្មជាតិវិញ សម្រាប់ឆ្នាំ២០២៣នេះ, លោក វន្នី បានគូសបញ្ជាក់ថា មិនទាន់មានតួលេខច្បាស់នៅឡើយនោះទេ ពីព្រោះត្រូវពិគ្រោះយោបល់ជាមួួយស្ថាប័នដែលពាក់ព័ន្ធ ដើម្បីកំណត់ទីតាំងព្រលែង ខណៈតំបន់ជួរភ្នំក្រវាញ ជាទីតាំងដែលមានលក្ខណៈពិសេសសម្រាប់ជម្រករបស់ក្រពើភ្នំ។
ដោយឡែកលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រពើភ្នំគេឃើញមានវត្តមាននៅក្នុងប្រទេសកម្ពុជាមួយចំនួនដូចជា៖ តំបន់អារ៉ែង ខេត្កកោះកុង និងចុងក្រោយ គេបានរកឃើញសត្វក្រពើភ្នំ នៅតាមបណ្តោយដងទន្លេស្រែពក ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។ តាមការសន្និដ្ឋានជាបឋម ឃើញថា យ៉ាងហោចណាស់ មានក្រពើភ្នំញី-ឈ្មោលមួយគូ ត្រូវគេបានរកឃើញកូនៗរបស់វាចំនួន៨ក្បាល។ សម្រាប់តំបន់ទាំងអស់នេះ ត្រូវបានមន្រ្តីឧទ្យានុរក្ស ធ្វើការការពារជាប្រចាំ។
លោកបានបន្ថែមថា ក្រសួងបរិស្ថាន កំពុងត្រៀមលក្ខណៈជាមួយអង្គការ WWF ដើម្បីធ្វើការបង្កើនចំនួនសត្វក្រពើភ្នំ នៅតាមតំបន់ទន្លេស្រែពក តាមរយៈការលែងកូនសត្វក្រពើភ្នំ ដែលបានតាមរយៈការភ្ញាស់របស់មន្ត្រីជំនាញ។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន ក៏បានថ្លែងកោតសរសើរ ដល់អង្គការដៃគូដែលរួមមាន៖ អង្គការ WWF អង្គការ FFI ក្នុងការបង្កាត់ពូជនាកន្លងមក។
លោក នេត្រ ភក្រ្តា បានលើកឡើងថា «តាមអ្វីដែលខ្ញុំទទួលបាន គឺយើងបានធ្វើការបង្កាត់ កូនក្រពើភ្នំច្រើន ហើយយើងបានលែងចូលក្នុងតំបន់ការពារធម្មជាតិ ជាពិសេសតំបន់ទីជម្រកសត្វក្រពើភ្នំ»។
បន្ថែមលើនេះ មន្ត្រីជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ថា ការបង្កាត់ពូជនេះមិនមែនជារឿងចម្លែក ហើយក៏ពុំមែនតែកម្ពុជាដែរ ពោលគឺសត្វមួយចំនួន ដែលទទួលការគំរាមកំហែងជិតផុតពូជ គឺគេបានរៀបចំវិធីសាស្ដ្របង្កាត់ពូជ ហើយលែងចូលក្នុងជម្រកធម្មជាតិវិញ ដើម្បីបន្សាំក្នុងធម្មជាតិ។ មកដល់ថ្ងៃនេះកម្ពុជា បានធ្វើការបង្កាត់ពូជសត្វកម្រៗ មួយចំនួនដូចជា៖ សត្វក្រពើភ្នំ សត្វអណ្តើកលួង និងកន្ធាយក្បាលកង្កែបជាដើម។
បើតាមលោក សេង ទៀក ប្រធានអង្គការ WWF កំពុងបន្តតាមដានស្ថានភាពសត្វក្រពើភ្នំនៅតំបន់ស្រែពក និងពង្រឹងវិធានការការពារទីជម្រករបស់សត្វនេះពីការគំរាមកំហែងផ្សេងៗ បន្ថែមពីនេះ ដើម្បីបង្កើនចំនួនក្រពើភ្នំ ឱ្យមានចំនួនច្រើននៅតំបន់នេះ គឺទាមទារឱ្យយកក្រពើពីតំបន់ផ្សេងទៀត មកលែងនៅតំបន់ស្រែពក។ ខណៈចំនួនក្រពើដែលរកឃើញកន្លង គឺមានសញ្ញាណនៃការរីកធំធាត់ ក្នុងជម្រកធម្មជាតិរបស់វា។
តំណាងអង្គការ CI បានឱ្យដឹងថា សម្រាប់តំបន់ដែលអង្គរបស់លោកបានចូលរួមអភិរក្សនៅតំបន់ជួរភ្នំក្រវាញកណ្តាល ដែលមានតំបន់វ៉ារីអគ្គិសនីអាតៃ ស្ថិតនៅអូរសោម បើតាមការសិក្សាអាចមានក្រពើភ្នំ ជាង២០០ក្បាលកំពុងរស់នៅ។
តំណាងអង្គការ CI បានបន្តថា ដោយពិភាក្សាយ៉ាងយកចិត្តទុកដាក់សំណាក់ក្រសួងបរិស្ថាន ក្រុហ៊ុនវារីអគ្គិសនី និងអង្គការពាក់ព័ន្ធបានទម្លាក់កម្ពស់ទំបន់វារីអគ្គិសនី រហូតបញ្ចៀសការប៉ះពាល់ត្រពាំងដែលមានសត្វក្រពើរស់នៅក្នុងតំបន់អូរសោម និងតំបន់តាំតៃទាំងមូលផងដែរ ដូច្នេះ ការសាងសង់ទំបន់វារីអគ្គិសនី កន្លងមកមិនបានបង្កផលប៉ះពាល់ដល់ទីជម្រករបស់សត្វក្រពើភ្នំនោះទេ៕