(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក អេណុ អាត់ស៊ូស្ស៉ឹ (UENO Atsushi) បានចូលរួមក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ជាមួយសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន (JAC) ព្រមទាំងមានការថ្លែងសុន្ទរកថាអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុនផងដែរ។
គួរជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក មហាសករាជ១៩៤៥ ចុល្លសករាជ១៣៨៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣។
កម្មវិធីកម្សាន្តរបស់សមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុននេះធ្វើឡើងនារាត្រីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ នាឱកាសនោះ លោក វ៉ា កូរ៉ា ប្រធានសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន JAC បានលើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះគឺពិតជាពិសេសត្រង់ថាស្របនឹងឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន ព្រមទាំងខួប២០+១នៃសមាគមអតីតនិស្សិតខ្មែរមកពីប្រទេសជប៉ុន។
លោកប្រធានបានបន្តថា សមាគម JAC មានចក្ខុវិស័យបង្កើតនិងពង្រឹងសម្ពន្ធភាពជាមួយសមាគមអតីតនិស្សិតមកពីក្រៅប្រទេស ដើម្បីបង្កើតបណ្តាញអ្នកជំនាញដ៏មានសក្ដានុពល និងជំរុញការអភិវឌ្ឍនៅប្រទេសកម្ពុជា។
ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតជប៉ុន អេណុ អាត់ស៊ូស្ស៉ឹ បានលើកឡើងថា បន្ទាប់ពីបញ្ចប់សង្គ្រាមស៉ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានបន្តទទួលនិស្សិតកម្ពុជាឱ្យទៅសិក្សានៅប្រទេសខ្លួន ក្រោមកម្មវិធីអាហារូបករណ៍ រដ្ឋាភិបាលជប៉ុន តាំងពីឆ្នាំ១៩៩២ ពោលមកដល់ពេលនេះគឺជាង៣០ឆ្នាំមកហើយ ក្នុងនោះមាននិស្សិតកម្ពុជាជាង១,៤០០នាក់បានទៅសិក្សានៅប្រទេសជប៉ុន រួមទាំងនិស្សិតដែលស្ថិតក្រោមក្របខណ្ឌមូលនិធិប្រជាជន ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា (JDS)។
លោកឯកអគ្គរដ្ឋទូតបានបន្តថា ថ្មីៗនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា ហ្វូមីអុ (KISHIDA Fumio) បានប្រកាសថា រដ្ឋាភិបាលជប៉ុនមានគោលបំណងបង្កើនចំនួននិស្សិតបរទេសឱ្យទៅសិក្សានៅប្រទេសខ្លួនដល់ទៅ ៤០០,០០០នាក់ នៅឆ្នាំ២០២៣ ដោយជំនួសផែនការនិស្សិតបរទេសចំនួន៣០០,០០០នាក់ ដែលបានកំណត់តាំងពីឆ្នាំ២០០៨។ លោកថា កិច្ចសហប្រតិបត្តិការរបស់អតីតនិស្សិតកម្ពុជា JAC គឺជាអ្នកគាំទ្រដ៏រឹងមាំសម្រាប់ផ្សព្វផ្សាយដល់ប្រជាជនកម្ពុជាក្នុងការបន្តជ្រើសរើសប្រទេសជប៉ុនជាគោលដៅសម្រាប់ការសិក្សានៅក្រៅប្រទេស។
លោក អេណុ អាត់ស៊ូស្ស៉ឹ បានបន្ថែមថា នាឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសជប៉ុននិងកម្ពុជា ភាគីទាំងពីរប្រឹងប្រែងរក្សាទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងមិត្តភាពរវាងគ្នានិងគ្នា ពិសេសគឺតាមរយៈទំនាក់ទំនងរបស់សមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសជប៉ុន JAC។
ទន្ទឹមនឹងនោះដែរ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានថ្លែងអំណរគុណចំពោះការជំរុញទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងជប៉ុន និងបានអបអរសាទរខួបលើកទី៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន ក៏ដូចជាខួបលើកទី២០របស់សមាគម JAC ផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏មានមន្ត្រីជាន់ខ្ពស់មួយចំនួនដែលបានបញ្ចប់ការសិក្សាពីប្រទេសជប៉ុន ក្នុងវិស័យព័ត៌មានវិទ្យា ប្រៃសណីយ៍ និងទូរគមនាគមន៍។ ពួកគេរួមគ្នាជាមួយមន្ត្រីដែលមានទេពកោសល្យផ្សេងទៀតបង្កើតប្រព័ន្ធបច្ចេកវិទ្យាជាង១៨ សម្រាប់ការប្រើប្រាស់ផ្ទៃក្នុងរបស់ក្រសួង ដែលពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ និងអចលនទ្រព្យ សម្រាប់ជាគំរូសាកល្បងដ៏គួរឱ្យចាប់អារម្មណ៍។
សូមជម្រាបដែរថា ក្រៅពីការថ្លែងសុន្ទរកថាខាងលើនេះ អង្គពិធីក៏បានរៀបចំជាការសរសេរអក្សរជប៉ុន (កាន់ជិ) ការប្រគល់វត្ថុអនុស្សាវរីយ៍ ការជជែកពិភាក្សានិងទទួលអាហារសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ និងការរាំលេងកម្សាន្តជាចង្វាក់ប្រពៃណីខ្មែរផងដែរ៕