(រតនគិរី)៖ មន្ទីរសុខាភិបាលខេត្តរតនគិរី សហការជាមួយគម្រោងគិរី ចុះធ្វើយុទ្ធនាការដើររួមគ្នាដើម្បីលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងបង្កើនការយល់ដឹងដល់ស្រ្តីមានផ្ទែពោះអំពីសារៈសំខាន់នៃការថែទាំមុននិងក្រោយសម្រាល និងបង្កើនការចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម៥ឆ្នាំ។
យុទ្ធនាការដ៏មានសារៈសំខាន់នេះរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ឌុច ចាន់តូ អភិបាលរងខេត្តរតនគិរី និងលោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត អ៊ុង រតនា បានលើកឡើងថា យុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយចំណេះដឹងដល់ប្រជាជនក្នុងសហគមន៍ ជាពិសេសបង្កើនការយល់ដឹងដល់ស្ត្រីមានផ្ទៃពោះអំពីសារៈសំខាន់ការថែទាំសុខភាពមុនពេលសម្រាល សញ្ញាគ្រោះ ថ្នាក់អំឡុងពេលមានផ្ទៃពោះ ការថែទាំសុខភាពក្រោយសម្រាល និងជំរុញការចាក់វ៉ាក់សាំងដល់កុមារក្រោម៥ឆ្នាំ។
លោកបានបន្តថា គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ឦសាននៃប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភដោយសារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)និងសម្របសម្រួលអនុវត្តគម្រោងដោយក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្តរតនគិរី រួមជាមួយអង្គការ Good Neighbors Cambodia និងសាកលវិទ្យាល័យស៊ុនជុងយ៉ាង ដែលត្រូវបានគេស្គាល់ថាជាគម្រោងគិរី បានចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២០ ជាមួយមូលនិធិចំនួន៧លានដុល្លារអាមេរិក។
លោកថា គម្រោងនេះក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់សេវាសុខភាពមាតា និងទារក ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពមកទទួលសេវាសុខភាពនិងការលើកកម្ពស់ចំណេះដឹងរបស់សហគមន៍។
លោក ឌុច ចាន់តូ ក៏បានលើកឡើងផងដែរពីសកម្មភាពធំៗមួយចំនួនដែលគម្រោងបានជួយគាំទ្រ និងពង្រឹង រួមមាន៖ ការបណ្ដុះបណ្តាលធនធានមនុស្ស ដោយផ្តោតសំខាន់លើការបណ្ដុះបណ្តាលជំនាញឆ្មប ជំនាញវះកាត់។ជំនាញដាក់ថ្នាំសន្តំ និងការសង្គ្រោះបន្ទាន់ ក៏ដូចជាការថែទាំមាតា និងទារកមុន រឺក្រោយសម្រាល។ ការកសាងបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ដោយរួមមានអគារមុន និងក្រោយសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្ត អគារសម្រាលនៅតាមមណ្ឌលសុខភាព ដែលរួមទាំងបំពាក់នូវសំភារៈ បរិក្ខាពេទ្យសម្រាប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។
លោកអភិបាលរងខេត្តបានអំពាវនាវដល់អ្នកម្ដាយគ្រប់រូបដែលមានផ្ទៃពោះត្រូវទៅទទួលសេវាថែទាំនៅមណ្ឌលសុខភាពយ៉ាងតិច៤ដងមុនសម្រាល ហើយបន្ទាប់ពីសម្រាលកូនត្រូវទៅទទួលការថែទាំនៅមណ្ឌលសុខភាពឱ្យបាន១០ដង និងយកកូនទៅចាក់វ៉ាក់សាំង១១មុខផងដែរ។
លោកបានថ្លែងអំណរគុណដល់ប្រទេសកូរ៉េដែលបានគាំទ្រថវិការលើគម្រោងនេះ ដែលបានចូលរួមចំណែកបន្ថែមក្នុងការពង្រឹង ប្រព័ន្ធសុខាភិបាលក្នុងខេត្តរនតគិរីឱ្យកាន់តែមានគុណភាពប្រសើរឡើងបន្ថែមទៀត៕