(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើបាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សាស្ត្រាចារ្យ និងនិស្សិតនៃវិទ្យាស្ថានខេមអេដ (CamEd) នៅរាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាស្ថានខេមអេដ (CamEd) ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ ព្រមទាំងគណៈគ្រប់គ្រងសាលា សាស្ត្រាចារ្យ និងនិសិ្សតសរុបមានអ្នកចូលរួមចំនួនជាង ១៥០ នាក់។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ខេស៊ី បាណេត (Casey Barnett) នាយកវិទ្យាស្ថានខេមអេដ រួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានចាប់ផ្តើមធ្វើបទបង្ហាញពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យ ក្នុងរដ្ឋបាលសាធារណៈ» ដោយប្រមូលផ្តុំលើមាតិកាសំខាន់ៗចំនួន ៥ រួមមាន៖ ទី១. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ទី២. គុណាធិបតេយ្យ ទី៣. កំណែទម្រង់រដ្ឋបាលសាធារណៈ ទី៤. តួនាទីរបស់រដ្ឋាភិបាល និងទី៥. សេចក្តីសន្និដ្ឋាន។

លោករដ្ឋមន្ត្រីដែលជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈបានសង្កត់ធ្ងន់ថា «ភាពជាអ្នកដឹកនាំ (Leadership) គឺជាសិល្បៈនៃការគិត និងការសម្រេច។ សារៈប្រយោជន៍នៃភាពជាអ្នកដឹកនាំ គឺសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅរបស់មនុស្សទាំងអស់ មិនថា មន្រ្តីរាជការ កម្មករ កសិករ សិស្ស និសិ្សត និងប្រជាពលរដ្ឋគ្រប់រូបតស៊ូរៀនសូត្រ ប្រកបរបររកស៊ី បំរើការងារតាមសម្មាអាជីវោ ដើម្បីដឹកនាំជីវិត ឆ្លងកាត់ការលំបាកឧបសគ្គឆ្ពោះទៅកាន់អនាគតរៀងៗខ្លួន»

លោករដ្ឋមន្រ្តី បានចែករំលែកដោយផ្សាភ្ជាប់ទ្រឹស្តីនៃការសិក្សាជាមួយបទពិសោធន៍ការងារជាក់ស្តែងដែលខ្លួនលោកបានឆ្លងកាត់ក្នុងនាមជាអ្នករដ្ឋបាលបម្រើការងារសាធារណៈរយៈពេលជាង៤០ឆ្នាំកន្លងមក ពិសេស៣ឆ្នាំចុងក្រោយ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដែលបានពុះពារជំនះដោះស្រាយការលំបាកស្មុគស្មាញបង្កដោយកូវីដ-១៩ ជម្រុញការងារក្នុងស្មារតីបុរេសកម្ម ប្រកបដោយនវានុវត្តន៍ដំណើរការជាប្រក្រតី មានភាពធន់ រលូន ដើរទាន់ការវិវត្តប្រែប្រួលសភាពការណ៍នៃសម័យកាល។

តាមរយៈការធ្វើបាឋកថានេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ច្បាស់ពីវឌ្ឍនភាពថ្មីៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមមគ្គុទ្ទេសក៍ផ្ទាល់ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជារួចចាកផុតពីសង្គ្រាម ពីការបែកបាក់ជាតិ នាំសង្គមជាតិកម្ពុជា មកកាន់សុខសន្តិភាព ឯកភាពជាតិ និងមានការអភិវឌ្ឍ ប្រកបដោយវិបុលភាព ដរាបតរៀងមក។

ជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីធម្មតាឡើងវិញដូចសព្វថ្ងៃ និងជោគជ័យដ៏ត្រចះត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក ជាសក្ខីភាពយ៉ាងប្រត្យក្សបញ្ជាក់ពីផ្លែផ្កា នៃការកែទម្រង់ ផ្លាស់ប្តូរមុខមាត់កម្ពុជាពិតប្រាកដ។

ចុងបញ្ចប់ លោករដ្ឋមន្ត្រី ព្រុំ សុខា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈបាឋកថាចែករំលែកនេះ នឹងបានក្លាយជាគតិសម្រាប់ការត្រិះរិះពិចារណា រួមចំណែកជួយនិស្សិតទាំងអស់អាចប្រើប្រាស់ដើម្បីជាប្រយោជន៍នៃការកសាងជីវិត និងអនាគត៕