(អន្តរជាតិ)៖ មនុស្សជាច្រើនបានបន្ទោសទៅលើភាពសាហាវឃោឃៅគ្មានព្រំដែន របស់ពួកឧទ្ទាមរដ្ឋឥស្លាម ISIS។ ផ្ទុយទៅវិញហាក់មិនមានអ្នកណាម្នាក់រិះគន់ ឬចាប់អារម្មណ៍ទៅលើ ប្រភពដែលបង្កើតពួកឧទ្ទាមទាំងនេះឡើយ។ តើសហរដ្ឋអាមេរិកពិតជាអ្នកនៅពីក្រោយពួកឧទ្ទាម ISIS ពិតមែនទេ? ខាងក្រោមនេះជាការវិភាគខុសៗគ្នា តែសុទ្ធតែបង្ហាញថា សហរដ្ឋអាមេរិក ជាអ្នកដែលបង្កើតពួកឧទ្ទាម ISIS ឡើងទាំងក្នុងរូបភាពដោយផ្ទាល់ ឬដោយប្រយោល។

១៖ ធ្វើឲ្យយោធាអ៉ីរ៉ាក់ទន់ខ្សោយដើម្បីងាយគ្រប់គ្រង

បើត្រឡប់ទៅពិនិត្យមើលព្រឹត្តិការណ៍ក្នុងអតីតកាល ពិភពលោកអាចនឹងគ្មានពួកឧទ្ទាម ISIS ទេ ប្រសិនបើកងកម្លាំងអ៉ីរ៉ាក់ មិនកំសាកដកខ្លួនពីទីក្រុងសំខាន់ៗ ហើយថែមទាំងបន្សល់ទុកនូវអាវុធដែលមានតម្លៃប្រមាណ៥០០លានដុល្លារ ក្នុងប្រទេស អ៊ីរ៉ាក់សម្រាប់ពួកឧទ្ទាម ISIS យកទៅប្រើប្រាស់ និងផ្តល់ឱកាសដល់ពួកឧទ្ទាមទាំងនោះពង្រីកអំណាចរបស់ខ្លួន។

ទោះបីជាយ៉ាងនេះក្តី យើងមិនអាចទម្លាក់កំហុសទាំងស្រុងទៅលើកងកម្លាំងអ៊ីរ៉ាក់បានឡើយ សហរដ្ឋអាមេរិកគឺជាចំណែកដ៏ធំមួយដែលត្រូវទទួលខុសត្រូវ ទៅលើរឿងនេះ។ ជាក់ស្តែងសហរដ្ឋអាមេរិកជាអ្នកជ្រើសតាំងកងកម្លាំងអ៊ីរ៉ាក់ដោយផ្ទាល់។ ប្រសិនបើយោធាអ៊ីរ៉ាក់ មានសមត្ថភាពខ្លាំងពិតប្រាកដ អាចម្ចាស់ការលើខ្លួនឯង ដូចជាយោធានៃប្រទេសដទៃទៀត ពួកគេមិនចាំបាច់ត្រូវពឹងផ្អែកទាំងស្រុងទៅលើសហរដ្ឋអាមេរិករហូតនោះទេ ហើយប្រទេស អ៉ីរ៉ាក់ក៏មិនត្រូវការវត្ថមានយោធាអាមេរិកក្នុងប្រទេសរបស់ខ្លួននោះដែរ។ ហើយប្រសិនបើក្នុងពេលនោះ សហរដ្ឋអាមេរិកផ្តល់ការហ្វឹកហាត់ដល់កងកម្លាំង យោធាអ៊ីរ៉ាក់ ឲ្យមានជំនាញច្បាស់លាស់ ពួកគេប្រាកដជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ ពួកឧទ្ទាមទាំងនោះបាន។

ជាអកុសសហរដ្ឋអាមេរិកបានជ្រើសតាំងកងកម្លាំងអ៊ីរ៉ាក់ដែលខ្វះសមត្ថភាព មិនបានផ្តល់ការហ្វឹកហាត់គ្រប់គ្រាន់ មូលហេតុដោយសារសហរដ្ឋអាម៉េរិក ចង់បង្កើតរដ្ឋាភិបាលអាយ៉ង ដើម្បីងាយគ្រប់គ្រង។ តែលទ្ធផលដែលទទួលបាន លើសពីការរំពឹងទុក ព្រោះភាពទន់ខ្សោយរបស់កងកម្លាំងអ៊ីរ៉ាក់ ធ្វើឲ្យពួកឧទ្ទាមISISពង្រីកឥទ្ធិពលរបស់ខ្លួនបានដោយងាយ។

 

២៖ បង្កើតបញ្ហាដើម្បីទាញយកផលប្រយោជន៍

សហរដ្ឋអាមេរិក ជាប្រទេសដ៏ឈ្លាសវៃ ដែលអាចបង្កើតបញ្ហាដើម្បីជាថ្នូរ នឹងការទាញយកផលប្រយោជន៍។ ប្រទេសមហាអំណាចមួយនេះ តែងតែបង្កើត គម្រោងរយៈពេលយូរយ៉ាងហោចណាស់១០០ឆ្នាំ។ តាមការវិភាគបានឲ្យដឹងថា សហរដ្ឋអាមេរិក អាចប្រើប្រាស់ភេរវកម្ម ធ្វើជាឧបករណ៍ដើម្បីទាញទម្លាក់ តំបន់មជ្ឈឹមបូព៌ាឲ្យទន់ខ្សោយ ងាយស្រួលបង្កើនឥទ្ធិពល និងទទួលបានអ្វីដែលខ្លួនចង់បានតាមការគ្រោងទុក។ ជាក់ស្តែង សូម្បីព្រឹត្តិការណ៍១១ កញ្ញា ២០០១ ដែលជាការវាយប្រហារអគារពាណិជ្ចកម្មភ្លោះនៅទីក្រុង ញ៉ូវយក ដែលបណ្តាលឲ្យប្រជាពលរដ្ឋអាមេរិករាប់ពាន់នាក់ ស្លាប់បាត់បង់ជីវិត ត្រូវបានគេសន្និដ្ឋានថា ក៏ជាគម្រោងការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដូចគ្នា។ ហេតុនេះពួកឧទ្ទាម ISIS អាចជាឧបករណ៍របស់សហរដ្ឋអាមេរិក ធ្វើជាមេរោគរាតត្បាតពិភពលោក ដើម្បីបង្កើតឥទ្ធិពលរបស់ខ្លួន។

 

៣៖ សហរដ្ឋអាមេរិកផ្តល់លក្ខខណ្ឌអនុគ្រោះដល់ ISIS ដោយអចេតនា

តាមការវិភាគផ្សេងទៀតបានឲ្យដឹងថា ជាការពិតដែលសហរដ្ឋអាមេរិកមិនបានបង្កើត ក្រុមឧទ្ទាម ISIS ដោយផ្ទាល់ តែសហរដ្ឋអាមេរិក ជាអ្នកចូលរួមចំណែក យ៉ាងសំខាន់ក្នុងការផ្តល់លក្ខខណ្ឌអនុគ្រោះសម្រាប់ឲ្យពួកឧទ្ទាម ISIS កាន់តែរីកដុះដាលឡើង។ នេះជាកំហុសរបស់លោកប្រធានាធិបតី George W.Bush ដែលបានលូកដៃបញ្ហាផ្ទៃក្នុងប្រទេស អ៊ីរ៉ាក់។ សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស បានបំផ្លាញរដ្ឋាភិបាល និងយោធាអ៊ីរ៉ាក់ បន្ទាប់មកបង្កើតរដ្ឋាភិបាលថ្មីមួយដែលទន់ខ្សោយ មកជំនួសរដ្ឋាភិបាលចាស់ដើម្បីងាយស្រួលគ្រប់គ្រង។

ប្រទេសមហាអំណាចមួយនេះ ធ្វើឲ្យយោធាអ៊ីរ៉ាក់បែកខ្ញែក ហើយបាត់បង់ការងារធ្វើ ប្រទេសជាតិគ្មានសណ្តាប់ធ្នាប់ អាវុធត្រូវបានប្រើប្រាស់ដោយសេរី បញ្ហាអសន្តិសុខកើតឡើង។ ស្របគ្នានេះដែរ ដោយសារតែការចំណាយខ្ពស់ ហើយមិនសូវមានអត្ថប្រយោជន៍ផងនោះ សហរដ្ឋអាមេរិកសម្រេចដកទ័ព ចេញពីប្រទេស អ៊ីរ៉ាក់នៅក្នុងឆ្នាំ២០១១ ។ ស្ថានភាពនេះ ប្រៀបដូចទៅនឹងប្រយោគមួយឃ្លាដែលគេលើកឡើងថា ឆ្មាមិននៅកណ្តុរឡើងរាជ្យ «When the cat's away, the mice will play» ។ អំពើអសន្តិសុខ ការលួចឆក់ប្លន់ និងការបែកបាក់ក្នុងសង្គមបានកើតឡើងយ៉ាងឆាប់រហ័ស។ កងកម្លាំងអ៊ីរ៉ាក់ទូទាំងប្រទេស គឺកងកម្លាំងប្រដាប់អាវុធវ័យក្មេងរាប់រយពាន់នាក់ គ្មានការងារធ្វើ ដើរតាមដងផ្លូវ ប្រដាប់ដោយអាវុធ ដោយគ្មានអ្នកណាអាចគ្រប់គ្រង។ ក្រុមបះបោរ ចាប់ផ្តើមធ្វើសកម្មភាពវាយប្រហារគ្នាទៅវិញទៅមក ក្នុងគោលដៅដណ្តើមអំណាចគ្រប់គ្រង លើតំបន់សំខាន់ៗមួយចំនួន និងដើម្បីដណ្តើមអំណាចផ្សេងៗ។ ទោះចង់ ឬមិនចង់ ពួកឧទ្ទាម ISIS ជាលទ្ធផលដែលបណ្តាលមកពីបញ្ហាខាងលើ។


បណ្តាអ្នកដែលបានតាមដានស្ថានភាពនយោបាយក្នុងតំបន់មជ្ឈឹមបូព៌ា ច្បាស់ជាអាចទស្សន៍ទាយដឹងថា វិបត្តិអ្វីដែលអាចកើតឡើង ជាលទ្ធផលបណ្តាលមក ពីការលូកដៃរបស់សហរដ្ឋអាមេរិក។ ជាអកុសលលោក ប្រធានធិបតី George W.Bush មិនបានជ្រាបពីបញ្ហានេះឡើយ ទើបបានជាបង្កើតហុសដ៏ធំ ដែលកំពុងកា្លយជាវិបត្តិសន្តិសុខយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោក។ ហេតុនេះពិភពលោកបច្ចុប្បន្នទំនងជាគ្មានពួកឧទ្ទាម ISIS ទេប្រសិនបើសហរដ្ឋអាម៉េរិកមិនបង្កើតកំហុស ក្នុងពេលចូលឈ្លានពានប្រទេស អ៊ីរ៉ាក់។

កត្តាមួយទៀតដែលសហរដ្ឋអាម៉េរិកហាក់ជួយដល់ក្រុមឧទ្ទាមISIS ដោយប្រយោលដែរនោះគឺ ក្នុងពេលដកទ័ពពីប្រទេស អ៊ីរ៉ាក់ កាលពីឆ្នាំ២០១១កន្លងទៅនេះ យោធាអាម៉េរិកបានបន្សល់ទុកនូវអាវុធយុទ្ធភណ្ឌមួយចំនួនដូចជា ឧទ្ធម្ភាគចក្រ រថយន្ត និងអាវុធផ្សេងៗ ដែលបច្ចុប្បន្នត្រូវបានពួកឧទ្ទាមយកទៅប្រើប្រាស់។

 

៤៖ អ៊ីរ៉ាក់ខឹងសម្បាសហរដ្ឋអាម៉េរិក រហូតបង្កើតភេរវកម្មដើម្បីទប់ទល់៖

សហរដ្ឋអាមេរិកបានចោទប្រទេស អ៊ីរ៉ាក់ថា បានប្រើប្រាស់អាវុធគីមី តែការពិតទៅអ៊ីរ៉ាក់បានឈប់ប្រើប្រាស់អាវុធគ្រោះថ្នាក់បែបនេះ ជាយូរណាស់មកហើយ ចាប់តាំងមានសង្គ្រាមជាមួយប្រទេស អ៊ីរ៉ង់។ យ៉ាងនេះក្តី សហរដ្ឋអាមេរិក និងអង់គ្លេសនៅតែលូកដៃជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងរបស់ប្រទេស អ៊ីរ៉ាក់ ទោះបីមិនទាន់មានសេចក្តីសម្រេចពីសំណាក់ អង្គការសហប្រជាជាតិក្តី។ បញ្ហានេះជាហេតុជម្រុញឲ្យប្រជាពលរដ្ឋអ៊ីរ៉ាក់ គិតថា សហរដ្ឋអាម៉េរិក ចង់បំផ្លាញប្រទេសអ៊ីរ៉ាក់ ដោយគ្មានមូលហេតុច្បាស់លាស់ តាមរយៈការវាយប្រហារការទម្លាក់គ្រាប់បែកតាមផ្លូវអាកាស និងសម្លាប់ប្រជាពលរដ្ឋ ស៊ីវិលជាច្រើនសន្ធឹកសន្ធាប់។ ប្រជាពលរដ្ឋអ៊ីរ៉ាក់ មានការក្តីខឹងសម្បាជាលំដាប់ រហូតបង្កើតបក្សសម្ព័ន្ធដែលប្រឆាំង ចំពោះកងកម្លាំងសហរដ្ឋអាម៉េរិក។

ពួកគេប្រើប្រាស់មធ្យោបាយជាច្រើន ដើម្បីប្រឆាំងសហរដ្ឋអាម៉េរិក ក្នុងរូបភាពផ្សេងៗដូចជា ធ្វើសកម្មភាពភេរវកម្ម ការបះបោរ ការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត និងការបំផ្ទុះគ្រាប់បែកអត្តឃាតជាដើម។ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមសម្ព័ន្ធតូចតាចទាំងនោះ បានប្រមូលផ្តុំគ្នាកាន់តែច្រើន កម្លាំងកាន់តែខ្លាំង ស្របពេលដែលពួកគេទទួលបានជំនួយជាថវិការ និងអាវុធគ្រប់គ្រាន់ រហូតអាចបង្កើតជាបក្សសម្ព័ន្ធធំជាច្រើន ដែលប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងនោះក៏មានពួកឧទ្ទាម ISIS ផងដែរ។

ការធ្វើអន្តរាគមន៍ក្នុងប្រទេស អ៊ីរ៉ាក់ ជាកំហុសដ៏ធំមួយ។ បន្ទាប់ពីសហរដ្ឋអាម៉េរិកជាមួយក្រុមសម្ព័ន្ធមិត្ត ទម្លាក់លោក សាដាម ហូសេនពីអំណាច ភ្លាមៗនោះពួកគេក៏បានបង្កើតរចនាសម្ព័ន្ធរដ្ឋាភិបាលស៊ីវិលបណ្តោះអាសន្ន ដើម្បីរងចាំ របបនយោបាយអចិន្រ្ទៃថ្មីមួយមកជំនួស។ ពួកគេបានធ្វើសេចក្តីសម្រេចជាច្រើន ដែលមើលទៅហាក់ដូចជាមានភាពត្រឹមត្រូវ តែធាតុពិត ពួកគេបានបង្កើតនូវកំហុសដ៏ធំសម្រាប់ពិភពលោកក្នុងពេលបច្ចុប្បន្ន។

ទោះបីសហរដ្ឋអាម៉េរិកមិនបានបង្កើតពួកឧទ្ទាម ISIS ដោយចេតនាក៏ដោយ តែសហរដ្ឋអាម៉េរិកអាចទាញអត្ថប្រយោជន៍ជាច្រើនពីពួកឧទ្ទាមទាំងនោះដូចជា៖
• សហរដ្ឋអាមេរិកអាចបន្តរក្សាវត្ថមានយោធាក្នុងប្រទេស អ៊ីរ៉ាក់ និងស៊ីរី។
• រដ្ឋាភិបាលអ៊ីរ៉ាក់ត្រូវបន្តស្ថិតក្រោមឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកដោយសារ អ៊ីរ៉ាក់ត្រូវការជំនួយពីប្រទេសមហាអំណាចមួយនេះ ទប់ទល់នឹងពួកISIS។
• កងកម្លាំងរបស់ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាស្សាដ កាន់តែទន់ខ្សោយ ដោយសារត្រូវប្រឈមមុខនឹងពួកឧទ្ទាម ISIS នោះហើយគឺជាអ្វីដែលសហរដ្ឋអាម៉េរិកចង់បាន។
• តម្លៃប្រេងធ្លាក់ចុះ ដោយសារអស្ថិរភាពក្នុងតំបន់។
• សហរដ្ឋអាម៉េរិក

អាចអូសទាញសារធារណជនឲ្យគាំទ្រដល់ គោលនយោបាយការបរទេសរបស់ខ្លួន (ការដាក់ពង្រាយយោធារបស់ខ្លួន នៅបរទេសដើម្បីរក្សាសន្តិសុខ)។
គួររំលឹកថា មុនព្រឹត្តិការណ៍ឈ្លានពានក្នុងឆ្នាំ២០០៣ ប្រទេស អ៊ីរ៉ាក់មិនមានវត្ថមានក្រុមឧទ្ទាមឥស្លាមប្រដាប់អាវុធដូចជាពួកឧទ្ទាមISISក្នុងពេលបច្ចុប្បន្នឡើយ។ ទោះបីជារបបរបស់លោក សាដាម អាក្រក់ប៉ុណ្ណា យ៉ាងហោចណាស់លោកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ទៅលើពួកឧទ្ទាមទាំងនេះបាន។
និយាយជារួម សហរដ្ឋអាមេរិក មិនបានបង្កើតពួកឧទ្ទាមISISដោយផ្ទាល់នោះទេ ប៉ុន្តែសហរដ្ឋអាមេរិក បានបង្កើតនូវកំហុសដ៏ធ្ងន់ធ្ងរមួយ ដែលធ្វើឲ្យពួកឧទ្ទាមISIS និងបញ្ហាផ្សេងៗកើតឡើង ដែលកំពុងផ្តល់ផលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោក បច្ចុប្បន្នដោយមិនអាចជៀសផុតបាន។ ប្រសិនបើសហរដ្ឋអាម៉េរិក មិនលូកដៃក្នុងតំបន់មជ្ឈឹមបូព៌ាទេ ពួកឧទ្ទាម ISIS ទាំងនោះ ក៏មិនអាចលេចរូបរាងកាន់តែពិតប្រាកដបែបនេះដែរ៕