(ភ្នំពេញ)៖ លោកឧកញ៉ា ស្រី ចាន់ថន នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន ៣៥០០ដុល្លារដល់កីឡាករ Thiago Teixeira សញ្ជាតិប្រេស៊ីល។

ការជួយឧបត្ថម្ភដល់កីឡាករប្រដាល់គុនខ្មែរ សញ្ជាតិប្រេស៊ីល ធ្វើឡើងបន្ទាប់ពីកីឡាករនេះ បានចូលរួមប្រកួតកម្មវិធីប្រដាល់ APEX Fighte Series ដណ្តើមខ្សែក្រវាត់ WMO នៅសង្វៀន LKH Arena ប្រទេសអាល្លឺម៉ង់។ ប៉ុន្តែនៅពេលកីឡាករ Thiago វាយឈ្នះ បែរជាអ្នករៀបចំការប្រកួតដកខ្សែក្រវាត់ និងហាម Thiago មិនឱ្យប្រកួតព្រឹត្តិការណ៍ WMO ថែមទៀត ដោយសារតែ Thiago ប្រកាសខ្លួនវាយតំណាង «គុនខ្មែរ»

លោកឧកញ៉ាលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំង ដែលកីឡាករ Thiago មិនទទួលបានថវិកា សម្រាប់ការប្រកួតចុងក្រោយរបស់គាត់។ មួយរយៈនេះ ខ្ញុំរង់ចាំមើលសភាពការខាងភាគីប្រេស៊ីល ដើម្បីជៀសវាងការប៉ះទង្គិចគ្នា រវាងបុគ្គល និងបុគ្គល ក្លិបនិងក្លិប សហព័ន្ធ និងសហព័ន្ធប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។ បើយោងទៅតាមភ្នាក់ងាររបស់កីឡាករ Thiago គាត់បានបញ្ជាក់ថា កីឡាករ Thiago បានធ្វើតាមល័ក្ខខ័ណ្ឌទាំងអស់ទាំង មុននិងក្រោយពេលប្រកួត។ ពោលគឺគាត់បានគោរពតាមកាតព្វកិច្ច របស់គាត់ទាំងអស់ ក្នុងកិច្ចការងារឡើងប្រកួតមួនេះ។ ហេតុដូច្នេះហើយពេលនេះ ម៉ោងនេះ វាគឺជាពេលវេលាដែលខ្ញុំត្រូវជួយគាត់នៅចំនួនទឹកប្រាក $3500 នេះជាដាច់ខាត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន»

សូមជម្រាបថា នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឧបត្ថមដល់កីឡាករ Thiago ចំនួន២ម៉ឺនដុល្លារ, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឧបត្ថម្ភ ២០០០ដុល្លារ, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឧបត្ថម្ភ១០០០ដុល្លារ និងលោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឧបត្ថម្ភចំនួន ១០០០ដុល្លារ៕