(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើក «កម្មវិធីជិះកង់អង្គរសង្ក្រាន្ត» នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះ នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។ កម្មវិធីនេះ មានការចូលរួមពីសំណាក់អនុប្រធានស ស យ ក សមាជិក និងសាធារណជនចំនួន ១៤ក្រុម សរុបប្រមាណ៤១២នាក់ផងដែរ។

ថ្លែងក្នុងពិធីបើកនេះលោក ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍ការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានបន្តថា «ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា»។

លោកបានបន្តទៀតថា ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្តដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៤-១៦ ខែមេសា ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម» នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ក៏​ដូច​ជា​មិត្តភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំ​គ្នា​រីករាយ និង​ទទួល​បាន​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។

សូមបញ្ជាក់ថា កម្មវិធីជិះកង់នេះ មានចម្ងាយ ២០គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរ ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ន និងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ។ ចំណែកឯថវិកាដែលបានមកពីការទិញសំបុត្រ និងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ-Angkor Hospital for Children៕