(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបពិធីក្រុងពាលី សូត្រមន្ត បួងសួង សុំសេចក្តីសុខ រាប់បាតប្រគេនព្រះសង្ឃចំនួន៨២អង្គ និងទស្សនារបាំត្រុដិ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំមមី ប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ គ.ស២០២៣។
ពិធីនេះ ធ្វើឡើងនៅមុខលោតាដំបងគ្រញូង និងក្នុងសាលាខេត្ត ដឹកនាំដោយលោក លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា, លោក សុខ លូ អភិបាលខេត្ត និងភរិយា និងមានការអញ្ជើញចូលរួមអភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានា ជុំវិញខេត្តមន្រ្តីរាជការសាលាខេត្តចូលរួមផងដែរ។
លោក សុខ លូ បានលើកឡើងថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តតែងតែ រៀបចំព្រឹត្តការណ៍បុណ្យជាតិ ធំៗ ដោយមានរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តីជាប្រមុខដឹកនាំ បានកំណត់ ទៅតាមក្នុងប្រតិទិនប្រចាំឆ្នាំស្រាប់។
ក្នុងឱកាសនោះ ខេត្តបានរៀបចំបួងសួងដល់លោកតាដំបងគ្រញូង និងវត្ថុស័ក្តិសិទ្ធក្នុងខេត្ត ព្រមទាំងបានសូត្រមន្ត សូមព្រះសង្ឃបានប្រោសព្រំដល់កូនចៅ ឲ្យមានសិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ សម្រាប់ឆ្នាំថ្មី និងរាប់បាតប្រគេនដល់ព្រះសង្ឃចំនួន៨២អង្គ ដើម្បីឧទ្ទិសកុសលជូនញ្ញាតិការដែលបានបែកបាក់ចែកឋានទៅហើយនោះ មកទទួលកុសលផលបុណ្យ ដែលកូនចៅបានធ្វើជូន និងឲ្យពរកូនចៅបានសុខសប្យាយទាំងអស់គ្នាក្នុងឆ្នាំថ្មីនេះ។
លោកអភិបាលខេត្ត បានបន្តថា នៅក្នុងឆ្នាំ២០២៣នេះ មានព្រឹត្តការណ៍ជាច្រើនដែលខេត្តយើងបានធ្វើរួច និងកំពុងបន្តធ្វើនាពេលខាងមុខនេះ ដោយមានការតុបតែងលម្អក្រុង និងនៅតាមស្ថាប័នរៀងៗខ្លួន គឺធ្វើសង្រ្កាន្ដបាត់ដំបងឆ្នាំនេះ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មី ប្រពៃណីជាតិ២០២៣នេះ ជូនប្រជាពលរដ្ឋរស់នៅខេត្តផ្សេងៗ បានមកលេងកម្សាន្តសប្បាយរីករាយនៅស្រុកកំណើតបានជួបជុំគ្រួសារ និងដើរលេងទេសចរណ៍នៅតាមរម្មណីដ្ឋាននានា សប្បាយរីករាយផងដែរ៕