(កំពង់ឆ្នាំង)៖ សួនបាញ់ទឹកតាមចង្វាក់ភ្លេងទើបតែកសាងរួចថ្មីៗដែលមានឈ្មោះថា «សួនច្បារ ឯកឧត្តមបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន» ស្ថិតនៅមុខសាលាខេត្តកំពង់ឆ្នាំងត្រូវបាន ដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅល្ងាចថ្ងៃទី០៧ ខែ មេសាឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន និងដោយមានការចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ដែលមានវត្ត មានសរុបចំនួន៩០៥នាក់។

នៅក្នុងពិធីនេះលោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា សួនបាញ់ទឹកនេះបំពាក់ឧបករណ៍បច្ចេកទេសបាញ់ទឹកទំហំ៣៨ម៉ែត្រការ៉េ ក្រាលថ្មម៉ាបទំហំ៥១៣០ ម៉ែត្រកា រ៉េ បំពាក់ភ្លើងហ្វាដែលមានកម្ពស់២២ម៉ែត្រចំនួន៣ដើម និងបានរៀបចំធ្វើជាចំណតថយន្តជុំវិញសួននិងដាំស្មៅជុំវិញសួនផងដែរ។

សួនបាញ់ទឹកនេះ បានកសាងដោយក្រុមការងារបច្ចេក ទេសអគ្គភ័ស្តុភាក្រសួងមហាផ្ទៃ កសាងរយៈពេល១ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០២២ ដល់ខែមេសា ឆ្នាំ២០២៣។

នៅក្នុងពិធីនេះលោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅ ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលបានសហការជាមួយរដ្ឋ បាលខេត្ត រដ្ឋបាលស្រុក និងអាជ្ញាធរឃុំសង្កាត់ ក្នុងការអ ភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យឲ្យមានការរីកចម្រើ នក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះនៅក្នុងឱកាសឆ្នាំថ្មីនេះសូមគោរពជូនពរលោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការ រួមទាំងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង សូមជួបប្រ ទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈសុខៈពលៈ និងមានជ័យជំនះគ្រប់ភារកិច្ច កុំបីឃ្លាងឃ្លាតឡើយ។

លោកបណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង នៅក្នុងឱកាសនេះ អបអរសាទរយ៉ាងក្រៃលែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសួនបាញ់ទឹកថ្មីតាមចង្វាក់ភ្លេងដ៏ទំនើបនេះ ដែលបណ្ដាខេត្ត នានាពុំទាន់មាន ហើយនេះជាលើកទីមួយហើយដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង បានកសាងសមិទ្ធិផលថ្មីដ៏ល្អមួយនេះ ដើម្បីជាចំណងដៃជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង នៅក្នុងឱកា សបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោកបានបន្តថា សួនបាញ់ទឹកតាមចង្វាក់ភ្លេងនេះ ប្រជាពលរដ្ឋដែលចង់ឃើញមិនមែនត្រឹមតែអ្នកខេត្តកំពង់ឆ្នាំងនោះទេ គឺនៅតាមបណ្ដាខេត្តនានា ក៏ចង់ឃើញផងដែរ ដូច្នេះចាប់ពីថ្ងៃនេះទៅប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ ដែលឆ្លងកាត់ និងមកលេងក្នុងខេត្តកំពង់ឆ្នាំង ពិតជាបានឃើញសួនបាញ់ទឹកតាមចង្វាក់ភ្លេងដ៏ទំនើបនេះនៅមុខសាលាខេត្តខេត្តកំពង់ឆ្នាំង។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនគ្រប់វិស័យ នៅក្រោមម្លប់សុខសន្តិ ភាព សម្រាប់ខេត្តកំពង់ឆ្នាំងវិញ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ការរីកចម្រើនទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការជុំវិញខេត្តដែលបានសហការធ្វើការងារតាមជំនាញទើបសម្រេចបានលទ្ធផលយ៉ាងប្រសើរ និងទទួលបាននូវសមិទ្ធផលថ្មីៗជា ច្រើន។

នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិនេះ លោកបណ្ឌិតសភាចារ្យ ក៏សូមជូនពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាពលរដ្ឋ នៅ ក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ សូមទទួលបានសេចក្តីសុខគ្រប់ប្រការ និងសិរីសួស្ដី និងប្រកបមុខរបរនានា សូមទទួលបានជោគជ័យគ្រប់ៗគ្នា នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕