(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់យោបល់ដល់អាចារ្យដែលចាត់ចែងពិធីរៀបអាពាហ៍ពិពាហ៍ ឱ្យពិភាក្សាជាមួយម្ចាស់ដើមការជាមុនរឿងដាក់កូនកំលោះអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំនូកក្រមុំ ជៀសវាងធ្វើឱ្យខូចពិធីការដោយសារម្ចាស់ដើមការទាស់គ្នាជាមួយអាចារ្យ។

ការផ្ដល់យោបល់នេះធ្វើឡើងក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនីនៅទូទាំងប្រទេសសរុប១៥០០នាក់ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ស្របពេលនឹងការប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ៨មេសា។

នាឱកាសនោះ សម្ដេចតេជោបានលើកឡើងដល់ចំណុចនៃការរៀបចំពិធីអាពាហ៍ពិពាហ៍ដែលតែងមានអាចារ្យជាអ្នកចាត់ចែងកិច្ចពិធីនានា ដូចជាការសំពះផ្ទឹម កាត់សក់ ចង់ដៃជាដើម។ សម្ដេចបានផ្តល់យោបល់ដល់អាចារ្យដែលចាត់ចែងពិធីរៀបអាពាហ៍ពិពាហ៍ ឱ្យពិភាក្សាជាមួយម្ចាស់ដើមការជាមុនរឿងដាក់កូនកំលោះអង្គុយផ្ទឹមនៅខាងឆ្វេង ឬខាងស្តាំនូកក្រមុំ ជៀសវាងធ្វើឱ្យខូចពិធីការដោយសារម្ចាស់ដើមការទាស់គ្នាជាមួយអាចារ្យ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើទៅអាចារ្យកុំឱ្យរឹងទទឹងជាមួយម្ចាស់ដើមការ ឬទាមទារថាត្រូវតែអនុវត្តតាមក្បួនច្បាប់ ហើយទៅបង្ខំម្ចាស់ដើមការរឿងដាក់កូនប្រុសនៅខាងឆ្វេង ឬខាងស្តាំ។

សម្ដេចនាយករដ្ឋមន្ត្រីបានហាមប្រាមថា មិនអាចយកក្បួនទៅបង្ខំឱ្យគ្រួសារម្ចាស់ដើមការទទួលយកនោះទេ​ ពោលគឺត្រូវសួរគ្នាជាមួយគ្នាជាមុន ទើបមិនបណ្ដាលឱ្យខូចពិធី។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ត្រូវសួរនាំជាមួយម្ចាស់ដើមការជាមុន បើម្ចាស់ដើមការយកតាមទំនៀមទម្លាប់ដែលពួកគាត់ធ្លាប់ធ្វើ ដែលដាក់ប្រុសនៅខាងស្ដាំ គឺសូមធ្វើតាមម្ចាស់ដើមការទៅ ប៉ុន្តែក្នុងករណីខាងម្ចាស់ដើមការគេថាស្រេចលើលោកអាចារ្យ ដូច្នេះលោកអាចារ្យចាត់ចែងខ្លួនឯងទៅ»

តាមរយៈការផ្ដល់យោបល់នេះ សម្ដេចតេជោគ្រាន់តែចង់សម្របសម្រួលរវាងអ្នកដែលអនុវត្តតាមទម្លាប់ និងអ្នកដែលតាមក្បួន ដែលក្បួនចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយអាចារ្យស្ថិតនៅក្រោមក្រសួងធម្មការ និងសាសនា។ តាមក្បួនគេដាក់កូនក្រមុំនៅខាងស្ដាំដៃ ហើយកូនកំលោះនៅខាងឆ្វេងដៃ ហើយកូនកំលោះនៅខាងស្ដាំដៃតែពេលផ្ទឹមទេ ចាប់ពីពេលផ្ទឹមចងដៃហើយបានសេចក្ដីថាក្លាយជាប្ដី ដូច្នេះគឺខាងប្ដីនៅខាងស្ដាំដៃប្រពន្ធ៕