(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅអ្នកជាប់កម្ចីជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ កុំផ្តេកផ្តួលលើប្រសាសន៍សម្តេចដែលបានស្នើឱ្យមានការអនុគ្រោះពីធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកុំឱ្យរឹបអូសទ្រព្យសម្បត្តិ បើមានលុយត្រូវសងទៅធនាគារ ប្រសិនបើមានលុយហើយ មិនយកទៅសងគេ នឹងនាំឱ្យកើនឡើងការប្រាក់កាន់តែច្រើន។
សម្តេចគូសបញ្ជាក់បែបនេះ ដោយសម្តេចមានការបារម្ភថា ក្រោយពេលដែលសម្តេចអំពាវនាវដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុកាលពីថ្ងៃទី៧ មេសាម្សិលមិញ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ឱ្យបញ្ចៀសរាល់ការរឹបអូសទ្រព្យសម្បត្តិ ដល់អ្នកមិនមានលទ្ធភាពពិតប្រាកដហើយនោះ ក្រែងមានប្រជាពលរដ្ឋមួយចំនួន ដែលជាប់កម្ចីជាមួយធនាគារ ឬមីក្រូហិរញ្ញ មានលុយហើយមិនយកទៅសងធនាគារ ខណៈបណ្តាស្ថាប័នទាំងនោះក៏បានផ្តល់ការអនុគ្រោះច្រើនដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងឱកាសសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅកោះពេជ្រ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោមានប្រសាសន៍បន្ថែមថា៖ «រដ្ឋាភិបាលសុំការអនុគ្រោះរៀបចំឥណទានឡើងវិញ ចំពោះអ្នកជំពាក់ធនាគារ ឱ្យយោគយល់ចំពោះការលំបាកក្នុងការសងយឺតឬផ្សេងៗ អាចប្រើប្រាស់រយៈពេលខ្លះ តែមិនមែនផ្អែកទៅលើបញ្ហានេះមិនសងធនាគារ មានលុយហើយមិនសងទេ។»
ជាមួយគ្នានេះសម្តេចបញ្ជាក់បន្ថែមថា ប្រសិនបើបុគ្គលណាម្នាក់ដែលញុះញង់ភ្ជាប់រឿងនយោបាយទៅនឹងករណីជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយដើរឃោសនាថា បើបក្សគេឈ្នះមិនសង សូមឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ ចាត់វិធានការ ប្តឹងទៅតុលារ ដើម្បីរឹបអូសទ្រព្យសម្បត្តិបុគ្គលនោះ ដើម្បីកុំឱ្យដើរបង្ករឿងទៀត។
សម្តេចតេជោ លើកឡើងបន្ថែមថា៖ «ម្សិលមិញខ្ញុំក៏បានបញ្ជារឿងនេះមួយដែរ អ្នកណាក៏ដោយដែលធ្វើចលនាមនុស្សកុំឱ្យទៅសងធនាគារ អ្នកនោះគឺជាគោលដៅនៃការរឹបអូស។ និយាយគ្នាឱ្យច្បាស់ចឹងហ្មង ព្រោះកន្លងទៅមានអាក្រុមខូច គណបក្សនយោបាយខ្លះខូចណាស់ ទៅសន្យាថា បើសិនជាខ្ញុំឈ្នះខ្ញុំមិនឱ្យសងទេ អ៊ីចឹងបើអាមនុស្សហ្នឹងវាជំពាក់លុយគេ ជំពាក់ធនាគារ សូមឱ្យធនាគាររឹបអូស អាអ្នកហ្នឹងតែម្តងទៅ»។
សូមជម្រាបថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់លើបញ្ហាកម្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចងប្រជាពលរដ្ឋដែលបានជាប់កម្ចីឥណទានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមានលទ្ធភាពពិតប្រាកដ ដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន៕