(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានលើកឡើងថា ការដឹកនាំប្រទេសជាតិមួយ មិនអាចមើលស្រាលដល់តួនាទីសាសនាបាននោះឡើយ ហើយវិស័យសាសនា ត្រូវតែផ្សាភ្ជាប់ជាមួយការដឹកនាំរបស់ប្រទេសជាតិមួយ។
ក្នុងឱកាសជួបជួបសំណេះសំណាលជាមួយ អាចារ្យ អាចារិនី សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ធនធានមនុស្សដែលមានការចេះដឹងនៅក្នុងព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀត សុទ្ធតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសង្គមជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងត្រូវគួបផ្សំគ្នារវាងពុទ្ធចក្រ និងអាណាចក្រនៅទីនេះ ដើម្បីជួយដល់សង្គមរបស់យើង ហើយធនធានមនុស្សដែលមានការចេះដឹងនៅក្នុងព្រះពុទ្ធសាសនា និងសាសនាដទៃទៀត សុទ្ធតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសង្គម។ ចំណុចនេះដែលគេមិនត្រូវមើលស្រាល ក្នុងការដឹកនាំប្រទេសជាតិមួយ ហើយមើលស្រាលជាមួយតួនាទីសាសនានោះទេ»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា រដ្ឋក៏ទទួលបានផលប្រយោជន៍ពីព្រះពុទ្ធសាសនា ឬសាសនាដទៃទៀតត្រឡប់មកវិញផងដែរ ពោលមានន័យថា គ្រប់សាសនាទាំងអស់តែងតែអប់រំ ទូន្មានមនុស្សឲ្យធ្វើអំពើល្អ ដូច្នេះអំពើល្អនេះហើយបានជួយដល់រដ្ឋក្នុងការគ្រប់គ្រងសង្គម។ ចំណុចនេះ សម្ដេចអះអាងថា ចំណងទាក់ទងគ្នារវាងអាណាចក្រ និងពុទ្ធចក្រនេះ ត្រូវបានសម្តេចសរសេរក្នុងនិក្ខេបបទបណ្ឌិតវិទ្យាសាស្ត្រនយោបាយ តាំងពី៣០ឆ្នាំមុនមកម្ល៉េះ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា គ្រប់សាសនាទាំងអស់ ទាំងព្រះពុទ្ធសាសនា គ្រិស្ដសាសនា ឥស្លាមសាសនា គឺណែនាំឲ្យមនុស្សប្រព្រឹត្តតែអំពើល្អ ដូច្នេះបើមនុស្សធ្វើអំពើល្អគ្រប់ទីកន្លែងហើយនោះ។ ផ្ទុយទៅវិញ បើមនុស្សប្រព្រឹត្តអំពើអាក្រក់ច្រើន រដ្ឋក៏ទទួលការលំបាក ដោយត្រូវយកមនុស្សទាំងនោះមកផ្ដន្ទាទោស ដាក់ពន្ធនាគារ ដូច្នេះរឿងមិនមែនសាមញ្ញពេកនោះទេ។
ជាមួយគ្នានេះ សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានច្រានចោលនូវទស្សនៈមួយ ដែលបានលើកឡើងកាលពីអំឡុងឆ្នាំ២០០០ថា ដោយសារតែកម្ពុជា កំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ទើបធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានជីវភាពក្រីក្រ ដែលទស្សនៈនេះមិនត្រឹមត្រូវនោះឡើយ៕